(ឧត្តរមានជ័យ)៖ ព្រះសិរីសមត្ថិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី ព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះរាជដំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំព្រះសង្ឃ លោកយាយ លោកតា ប្រជាពលរដ្ឋ និមន្ត និងអញ្ជើញមកពីរាជធានីភ្នំពេញ អមដំណើរដោយលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បាននិមន្ត និងអញ្ជើញសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រុំដែនក្នុងខេត្តឧត្តរមានជ័យ នៅទិសប្រាសាទតាមាន់។​

ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ បានថ្លែងនូការសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះវត្តមាន ព្រះសិរីសមត្ថិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រីព្រះបាឡាត់​គណរាជធានីភ្នំពេញ ដែលបានដឹកនាំប្រតិភូ និមន្ត និងអញ្ជើញសួរសុខទុក្ខដល់កងកម្លាំងជួរមុខនាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី។​

នៅក្នុងឱកាសនោះ ព្រះសិរីសមត្ថិវង្ស ទេព ផាន ព្រះអង្គបានមានសង្ឃដិការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយទាហាន ពលទាហាន និងនាយ ពលនគរបាល ដែលបានឈជើងនៅជួរមុខនេះ បានលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់នូវសុខសន្តិភាពក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម និងជាពិសេសក៏បានទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរផងដែរ។​

បន្ទាប់មកព្រះអង្គបន្តនិមន្ត អញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាស់បុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាថ្ងៃខាងមុខ នៅប្រាសាទដំរីទ្រោមផងដែរ ព្រមទាំងបានបួងសួង​ដល់បារមី​ស័ក្ដិសិទ្ធិ​ដែលគង់ប្រថាប់នៅលើទឹកដីអង្គរនៃយើង តាមជួយបីបាច់ថែរក្សា កងកម្លាំងឲ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោលនយោបាយ​របស់រដ្ឋាភិបាលឆ្ពោះទៅកាន់​ការអភិវឌ្ឍរីកចម្រើនជូនដល់ប្រជាពលរដ្ឋឲ្យដល់ត្រើយសុភមង្គលតទៅថ្ងៃអនាគត។​

ព្រះសិរីសមត្ថិវង្ស ទេព ផាន និងប្រតិភូបាននាំយកអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ មកចែកជូនដល់កងកម្លាំងដែលឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ មានដូចជា មី ត្រីខ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនដើម្បីឧបត្ថម្ភក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មីខាងមុខផងដែរ៕