(ភ្នំពែញ)៖ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានរៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រោម។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីមន្ត្រីអគ្គស្នងការរាជធានីភ្នំពេញ ក្រុមប្រតិបត្តិថ្នាក់កណ្តាល អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក និង
យុវជនកាកបាទក្រហមកម្ពុជាមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យកម្ពុជា វិទ្យាស្ថានខ្មែរជំនាន់ថ្មី វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សរុបប្រមាណ ១៥០នាក់។

យុទ្ធនាការនេះបានហែរចេញពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ទៅគោលដៅស្ពានអាកាស៥មករា និងស្ពានអាកាស៧មករា ដើម្បីបន្តចែកខិតបណ្ណអប់រំផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការថ្លែងអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ។

លោកស្រីវានថ្លែងបន្តថា «ដោយមើលឃើញពីគ្រោះចរាចរណ៍តែងតែមានជារៀងរាល់ថ្ងៃ ដូច្នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី ខេត្ត តែងតែធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបតាមសកម្មភាពចែកអំណោយ អប់រំផ្សព្វផ្សាយផ្សេងៗ។

លោកស្រីអគ្គលេខាធិការបានបញ្ជាក់ទៀតថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបង្កើតកម្មវិធីយុវជននិងសុវត្ថិភាពចរាចរណ៍នេះ តាំងពីឆ្នាំ២០០៥ម្លេះ» ហើយយុទ្ធនាការធំៗដែលយើងតែងតែធ្វើជារៀងរាល់ឆ្នាំមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីក្រើនរំលឹកដល់បង្អូប្រជាពលរដ្ឋពេលធ្វើដំណើរទៅស្រុកកំណើរឱ្យមានាការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងមានសុវត្ថិភាពខ្លួនឯង»។

ជាមួយគ្នានេះដែរក្នុងយុទ្ធនាការនេះ ក៏មានរៀបចំកម្មវិធីសួរ-ឆ្លើយយករង្វាន់មួកសុវត្ថិភាព អាវ និងមួកCoolApp និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ដោយសំណួរស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក៕