(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CESLEP ដែលមានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក។
កិច្ចប្រជុំបានធ្វើការពិនិត្យទៅលើលទ្ធភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយចាប់ផ្តើមពីការជួសជុលកែលម្អផ្លូវ ជាយុទ្ធសាស្ត្រឱ្យមានភាពធន់ និងមាននិរន្តរភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ មកកាន់តំបន់ភ្នំខ្នងផ្សារ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសអនុម័តគម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយនេះ។
ក្រៅពីការសាងសង់ផ្លូវ គម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទីតាំងចតរថយន្ត បន្ទប់ទឹក និងកន្លែងងូតទឹក មជ្ឈមណ្ឌលព័ត៌មាន មជ្ឈមណ្ឌលសង្គ្រោះបឋម អាហារដ្ឋាន និងការអភិវឌ្ឍទីតាំងសម្រាប់បោះតង់ជាដើម ដែលការរចនាគិតគូរបញ្ចូលស្ថាបត្យកម្មខ្មែរ និងនឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ជំនួសឱ្យថាមពលអគ្គិសនី។ ទន្ទឹមនឹងនោះ ការដាំដើមឈើឡើងវិញក៏ត្រូវបានបញ្ចូលផងដែរ ដើម្បីបង្កើនសោភ័ណភាពធម្មជាតិនៃតំបន់នេះផងដែរ។
ក្រសួងបរិស្ថានកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា រួមទាំងធនាគារពិភពលោក និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងនេះ។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ និងអាទិភាពនៃគម្រោងអភិវឌ្ឍន៍មួយនេះ ដោយតម្រូវឱ្យក្រសួង ស្ថាប័ន រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងសហការយ៉ាងជិតស្និត ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់និងបន្ទាន់របស់រាជរដ្ឋាភិបាល ដើម្បីបម្រើឱ្យប្រយោជន៍សហគមន៍មូលដ្ឋាន។
គូសបញ្ជាក់ផងដែរថា ក្រោមការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់យកគម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារឱ្យក្លាយជាគោលដៅលំហែបៃតងគំរូដំបូងគេបង្អស់នៅកម្ពុជា ដោយរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងទាក់ទាញទេសចរណ៍ ដោយនៅតែរក្សាបាននូវតុល្យភាពនៃបរិស្ថាន និងសោភ័ណភាពធម្មជាតិ៕