(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលគណនី Facebook មួយដែលត្រូវបានជនអនាមិកបង្កើតឡើង ដោយលួចប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោកទៅធ្វើជា Profile។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា គណនី Facebook នោះមិនមែនជាកម្មសិទ្ធិរបស់លោកឡើយ ពោលលោកមានតែ Facebook Page មួយប៉ុណ្ណោះឈ្មោះ «ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ»។ Facebook Page ផ្ទាល់របស់លោកនេះ មានអ្នកតាមដានជាង៤៤ម៉ឺននាក់។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលស្រលាញ់គាំទ្ររូបលោក ហើយជឿជាក់ថា ការបង្កើតនេះក៏ដោយសារការស្រលាញ់គាំទ្រ ប៉ុន្ដែលោកបានអំពាវនាវឲ្យបញ្ឈប់ការបង្កើត Facebook ដោយប្រើឈ្មោះ និងរូបរបស់លោកចាប់ពីពេលនេះតទៅ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានរៀបរាប់បែបនេះថា «ខ្ញុំបាទសូមគោរពជំរាបជូនជាដំណឹងដល់ ពុកម៉ែ បងប្អូនក្មួយៗសូមមេត្តាជ្រាបថាគណនី Facebook ដូចមានក្នុងនេះមិនមែនជារបស់ខ្ញុំទេបាទ។ អ្នកដែលយកឈ្មោះ និងរូបរបស់ខ្ញុំបាទទៅបង្កើត និងប្រើប្រាស់នេះសូមបញ្ឈប់ជាបន្ទាន់។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ អ្នកយកឈ្មោះ និងរូបរបស់ខ្ញុំបង្កើតនេះពិតជាស្រឡាញ់រាប់អានខ្ញុំ តែសូមបញ្ឈប់ចាប់ពីពេលនេះតទៅបាទ។ ខ្ញុំសូមអរគុណច្រើន និងសង្ឃឹមជឿជាក់ថា អ្នកនិងយល់ពីបំណងដ៏ល្អរបស់ខ្ញុំបាទ»។
សូមជម្រាបថា កន្លងទៅក៏មានជនអនាមិកលួចបង្កើត Facebook ដោយប្រើឈ្មោះ និងរូបភាពរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បែបនេះផងដែរ ហើយក៏ត្រូវបានលោកចេញមកច្រានចោលជាបន្ដបន្ទាប់ និងបញ្ជាឲ្យស្រាវជ្រាវក្នុងករណីការបង្កើតនោះមានបំណងមិនល្អចំពោះរូបលោក ដែលជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕