(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញទស្សនៈថា ដ្បិតថាកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ប៉ុន្តែការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ប្រទេសចិន នៅមានចំនួនតិចតួចនៅឡើយ។ ត្រង់ចំណុចនេះប្រសិនបើ ប្រជាជនចិនក្នុងម្នាក់ៗ ជួយទិញអង្ករកម្ពុជាតែ១គីឡូក្រាម នោះកម្ពុជានឹងអាចលក់អង្ករបានដល់ទៅ ១៣លានតោន។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងបែបនេះ នៅវេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» រៀបចំឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងយ៉ាងដូច្នេះថា៖ «បើយើងយកមកគិតថា បើចិន មាន១៣ពាន់លាននាក់ បើក្នុងម្នាក់ ទិញស្រូវយើង ទិញអង្ករយើងតែ១គីឡូ ក៏យើងបាន ១៣លានតោនដែរ […] យើនាំចេញអង្ករតែ ១លានតោនហ្នឹង ម៉េចយើងនាំអត់បាន? អាហ្នឹងយើងយកមកគិតទាំងអស់គ្នា ទី២ បើចិនជួយទិញផលិតផលស្វាយចន្ទីយើង បើចិនទិញតែម្នាក់១គីឡូ ក៏បាន១៣លានតោនដែរ»។
ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា ដូច្នេះ មានតែប្រជាជនចិនជួយទិញផលិតផលកសិកម្មកម្ពុជា បន្ថែមទៀត ការធ្វើបែបនេះ គឺដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កាន់តែរឹងមាំ។ ចំណុចនេះសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺមានចំណុចខ្វះខាត ពីព្រោះភាគីទាំងពីរ បានត្រឹមតែចុះកិច្ចព្រមព្រៀង ក៏ប៉ុន្តែការអនុវត្តបានដើរយឺត ដោយសារការកំណត់តាមឆ្នាំ ដូច្នេះ សូមភាគីចិន មេត្តាជួយពន្លឿនឱ្យកាន់តែឆាប់ជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា សម្រាប់ច្រករបៀងស្រូវ អង្ករ និងមច្ឆា គឺជាច្រករបៀងមួយដែលមានសារៈសំខាន់ខ្លាំងណាស់ ដែលបង្កើតជាគំនិត ចក្ខុវិស័យ គួរឱ្យកោតសរសើររបស់ថ្នាក់ដឹកនាំ ដូច្នេះ សូមឱ្យកិច្ចសហប្រតិបត្តិការនេះក្លាយជាការពិត ក្លាយជាការអនុវត្តជាក់ស្តែង ដែលអាចឱ្យប្រទេសចិន ទិញអង្ករកម្ពុជា ឱ្យបានច្រើនដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងជោគវាសនារួមតែមួយ កម្ពុជា-ចិន៕