(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា បានសម្របសម្រួលកិច្ចប្រជុំរវាងគណៈប្រតិភូមន្ត្រីនគរបាលឥណ្ឌូណេស៊ី និងប្រធាន INTERPOL នៃអគ្គស្នងការនគរបាលជាតិកម្ពុជា។ គណៈប្រតិភូឥណ្ឌូណេស៊ីដឹកនាំដោយអគ្គអធិការ Krishna Murti ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃប៉ូលីសជាតិឥណ្ឌូនេស៊ី។
យោងតាមអ្នកនាំពាក្យស្ថានទូតលោកស្រី Linda Widiyanti ដែលបានចូលរួមកិច្ចប្រជុំ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា កិច្ចពិភាក្សាផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិ និងនគរបាលជាតិ ជាពិសេសក្នុងការអនុវត្ត ស្របតាម MoU រវាងក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលជាតិឥណ្ឌូណេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងសមត្ថភាព ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៣។
ក្នុងជំនួបនោះ គណៈប្រតិភូនគរបាលជាតិកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ភោគ កុលកុមារ អនុប្រធានសេនាធិការដ្ឋាន បានសម្តែងការពេញចិត្តចំពោះកម្មវិធីបណ្តុះបណ្តាលសាងធនធានមនុស្សដែលផ្តល់ ដោយប្រទេសឥណ្ឌូណេស៊ី រួមទាំងកម្មវិធីសម្រាប់បុគ្គលិករក្សាសន្តិភាពផងដែរ។ លោកក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដើម្បីបង្កើនការចែករំលែកព័ត៌មានកិច្ចសហការផ្លាស់ប្ដូរព័ត៌មានរវាងនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងចំណោមសកម្មភាពនៃការអនុវត្តស្របតាមអនុស្សារណៈនេះ តំណាងនគរបាលជាតិកម្ពុជាចំនួន ១៥ រូប និងគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សធ្លាប់បានចូលរួមក្នុង «វេទិកាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អបំផុត ស្តីពីការកំណត់អត្តសញ្ញាណ ពិនិត្យ ស៊ើបអង្កេត និងការពារជនរងគ្រោះពីការជួញដូរមនុស្ស» ដែលរៀបចំឡើងនៅកោះបាលីកាលពីខែវិច្ឆិកាឆ្នាំមុន។ វេទិកានេះបានផ្តល់លទ្ធផលវិជ្ជមាន ជាពិសេសក្នុងការបង្កើនការសម្របសម្រួលក្នុងចំណោមភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធក្នុងប្រទេសទាំងពីរ។
ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការការពារប្រជាជនឥណ្ឌូណេស៊ីនៅកម្ពុជា និងទៅវិញទៅមក លោកឧត្តម សេនីយ៍ឯក Krishna បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការផ្លាស់ប្តូរព័ត៌មានជាប្រចាំ ក៏ដូចជាកិច្ចខិតខំ ប្រឹងប្រែងសម្របសម្រួល។
កាលពីឆ្នាំមុន ចំនួនដំណើរទស្សនកិច្ចរបស់ប្រជាជនឥណ្ឌូណេស៊ីមកកម្ពុជាបានកើនដល់ជាង ១៦១ ពាន់ដង។ ការកើនឡើងនៃអន្តរកម្ម និងចលនាឆ្លងព្រំដែនរវាងប្រជាជននៃប្រទេសទាំងពីរ និងបញ្ហាប្រឈមទាក់ទងនឹង និន្នាការកើនឡើងនេះ បាននាំឱ្យមានតម្រូវការកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងដើម្បីការពារ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាម អ៉ីនធឺណិត និងឧក្រិដ្ឋកម្មពាក់ព័ន្ធផ្សេងទៀត៕