(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speaker’s Conference/ISC) នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជាអគ្គមគ្គទេសក៍ឯកនិងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ របស់កម្ពុជា ជាស្ថាបនិកសំខាន់មួយរូបនៃសន្និសីទប្រធានសភានៃអន្តរសភានេះ។ សន្និសីទប្រធានសភានៃអន្តរសភា ដែលមានសភាអន្តរជាតិចំនួន ៣៧ជាសមាជិកនៅក្នុងពេលនេះ ក៏មានដៃគូ មកពីវិស័យផ្សេងៗ ជាច្រើនទៀតចូលរួមផងដែរ។

សន្និសីទប្រធានសភានៃអន្តរសភា ជាព្រឹត្តិការណ៍ថ្មីមួយទៀត នៅក្នុងកិច្ចប្រជុំកំពូលពិភពលោករបស់សហព័ន្ធសន្តិភាពសកល (UPF)ដែលនឹងបង្កើតឲ្យមានជំនួបរវាងប្រធានសភាមកពីជុំវិញពិភពលោក សម្រាប់ពង្រឹងការទូតសភា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។ ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិនេះ ដើរតួនាទីជាមូលដ្ឋានគ្រឹះមួយសម្រាប់កសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយបរិយាប័ន្ន ដោយផ្អែកលើការយោគយល់គ្នាទៅវិញទៅមក និងវិបុលភាពរួមគ្នា។

សន្និសីទនេះដើរតួនាទី ជាវេទិកាពិសេសតែមួយដែលមេដឹកនាំសភាអាចដោះស្រាយដោយផ្ទាល់នូវបញ្ហាប្រឈមក្នុងតំបន់ ចែករំលែកបទពិសោធន៍ផ្នែកច្បាប់ និងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួម។

ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ មានជំនឿមុតមាំថា ការដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្នទាមទារភាពជាដៃគូរឹងមាំ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ វេទិកា ISC ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុ រួមទាំងធនាគារអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមនិរន្តរភាពពិភពលោក ដើម្បីជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យ ។

សូមជម្រាបថា លោក Yusuf Raza Gilani ប្រធានព្រឹទ្ធសភា ប៉ាគីស្ថានត្រូវបានជ្រើសតាំងជា ប្រធានសន្និសីទប្រធានសភានៃអន្តរសភា (ISC)។ កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយមានជំនួប វេទិការ និងសន្និសីទជាច្រើន មានប្រតិភូមកពីប្រទេសចំនួន១១៤ ចូលរួមដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិល និងវិស័យឯកជនផង ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។

ក្រៅពីការចូលរួមបើកសន្និសីទប្រធានសភា នៃអន្តរសភានេះហើយ នៅថ្ងៃទី១១ ខែមេសានេះ សម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូអមដំណើរ នឹងមានជំនួបទ្វេភាគី និងចូលរួមកិច្ចប្រជុំនានាជាច្រើនទៀត នៅក្នុងការពង្រឹងវិស័យការទូតសភា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋ លើគ្រប់វិស័យដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ពង្រឹងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ និង បច្ចេកវិទ្យាជាដើម៕