(ក្រចេះ)៖ វត្តព្រះវិហារធំសសរ១០០ ជាវត្តដ៏ចំណាស់មួយនៅប្រទេសកម្ពុជា ស្ថិតនៅស្រុកសំបូរ ចម្ងាយប្រហែល៣៦គីឡូម៉ែត្រ ភាគខាងជើងទីរួមខេត្តក្រចេះ។ វត្តនេះ ត្រូវបានសាងសង់ឡើងនៅចំទីតាំងរបស់រាជវាំងនគរសម្ភបុរៈ នៃអាណាចក្រចេនឡា។ វត្តព្រះវិហារធំសសរ១០០ ត្រូវបានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៦ ក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា។
ទីអារាមដ៏ចំណាស់នេះ ជាទីបូជនីយដ្ឋានមួយដែលប្រជាពុទ្ធបរិស័ទជិតឆ្ងាយតែងគោរពបូជាប្រកបដោយសទ្ធាជ្រះថ្លា និងភ្ជាប់មកនូវជំនឿផ្សេងៗផងដែរ។ ក្រៅពីការគោរពបូជាហើយនោះ វត្តព្រះវិហារធំសសរ១០០ ក៏ជាកន្លែងអន្ទងទងចិត្តអ្នកទេសចរជិតឆ្ងាយឱ្យទៅលេងកម្សាន្តកម្រនឹងរំលងនៅពេលពួកគេទៅដល់ទឹកដីខេត្តក្រចេះ។
បន្ថែមពីលើនោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វត្តព្រះវិហារធំសសរ១០០ ក៏ជាទីកន្លែងជួបជុំលេងកម្សាន្តសប្បាយនូវល្បែងរបាំប្រជាប្រិយរបស់ខ្មែរ របស់ប្រជាពលរដ្ឋនៅក្នុងស្រុក ក៏ដូចជាអ្នកទេសចរ ដែលធ្វើដំណើរទៅកាន់ខេត្តក្រចេះផងដែរ។
ខេត្តក្រចេះ ជាដែនដីភាគឦសានសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រផងដែរ។ វត្តព្រះវិហារធំសសរ១០០ ជាតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញមួយលើទឹកដីខេត្តក្រចេះ ហើយរួមចំណែកទាក់ទាញអ្នកទេសចរឱ្យទៅកាន់ខេត្តមួយនេះ។
នៅឆ្នាំនេះផ្លូវពីទីរួមខេត្តក្រចេះ ទៅកាន់ស្រុកសំបូរ ត្រូវបានសាងសង់រួចរាល់ដោយកៅស៊ូរលោងស្អាត និងធំទូលាយ ធ្វើឱ្យការធ្វើដំណើរមិនលំបាកនោះឡើយ។ តាមដងផ្លូវអមដោយផ្ទះប្រជាពលរដ្ឋតូចធំ និងរុក្ខជាតិហូបផ្លែយ៉ាងខៀវស្រងាត់ជាចំណីអារម្មណ៍ផងដែរ។
ដើម្បីត្រៀមស្វាគមន៍អ្នកទេសចរជិតឆ្ងាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អាជ្ញាធរស្រុកសំបូរ បានរៀបចំតុបតែងលំអសោភ័ណភាពស្រុក រៀបចំកន្លែងលេងកម្សាន្តលើកោះមុខវត្តព្រះវិហារធំសសរ១០០។ ដោយឡែកក្នុងបរិវេណវត្តព្រះវិហារធំសសរ១០០វិញ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ ក៏បានដឹកនាំរៀបចំតុបតែងលំអយ៉ាងសមសួន និងបានត្រៀមរៀបចំកម្មវិធីកម្សាន្តនានាតាមបែបបទប្រពៃណីខ្មែរ ត្រៀមស្វាគមន៍អ្នកទេសចរផងដែរ។
ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា បានអំពាវនាវដល់អ្នកទេសចរជិតឆ្ងាយអញ្ជើញទៅលេងកម្សាន្តសប្បាយក្នុងស្រុកសំបូរ ក៏ដូចជាវត្តព្រះវិហារធំសសរ១០០។
សូមបញ្ជាក់ថា វត្តព្រះវិហារធំសសរ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សរ៍ទី១៦ ដោយព្រះបាទចន្ទរាជា។ ក្នុងវត្តនេះ មានព្រះរាជចេតិយដែលកសាងឡើងដោយព្រះបាទចន្ទរាជានៅក្នុងឆ្នាំ១៥២៩ ពោលគឺមុនការកសាងវត្តទៅទៀត។ ទ្រង់បានបញ្ចុះព្រះរាជអដ្ឋិធាតុធីតារបស់ព្រះអង្គ ព្រះនាមព្រះអង្គម្ចាស់អនុជាតិក្សត្រីយ៍វភក័ក្ត្រ ឬ ព្រះនាងក្រពុំឈូក តមកបានបញ្ចុះព្រះរាជអដ្ឋិធាតុ ព្រះសត្ថាទី១ ព្រះជ័យជេដ្ឋាទី១ ព្រះរាជសំភារ ចៅពញាតូ ព្រះនាងព្រះម៉ែយួ បុប្ឋាវតី និងព្រះរាជវង្សានុវង្សជាច្រើនអង្គ។ លុះមកដល់ខែធ្នូ គ.ស ១៩៥៥ សម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ ទ្រង់បានស្ថាបនាព្រះចេតិយនេះជាថ្មី ហើយទ្រង់បានសម្ពោធឆ្លងព្រះចេតិយនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៥៦។
បន្ទាប់ពីកសាងចេតិយរួច ព្រះរាជាបានឲ្យគេសាងសង់រោងបុណ្យប្រក់ស្បូវយ៉ាងស្រស់ស្អាត់មួយ ក្បែរចេតិយនោះ ដោយមានសសរចំនួន១០០ដើម។ ក្រោយពីសាងសងរោងបុណ្យរួច ព្រះរាជាត្រាស់បង្គាប់ឱ្យរៀបចំពិធីបុណ្យធំនៅជិតមាត់ទន្លេ ដែលនៅចម្ងាយពីឆ្ងាយពីព្រះចេតិយ និងរោងបុណ្យនេះ ដោយមានអ្នកចូលរួមច្រើនកុះករ។ នៅក្នុងពិធីបុណ្យនោះ ព្រះរាជាទ្រង់បានប្រសិទ្ធនាមរោងបុណ្យនោះថា «ព្រះវិហារធំ» លុះក្រោយមកទៀត ទីអារាមនេះ ក៏ត្រូវបានគេហៅថា «ព្រះវិហារធំសសរ១០០»។
រយៈពេល១០០ឆ្នាំក្រោយមក ព្រះវិហារដែលមានដំបូលប្រក់ស្បូវ ត្រូវបានបំផ្លាញដោយរន្ទះភ្លើងបាញ់ ដែលបានធ្វើអោយសសរ២៨ដើមឆេះអស់ ហើយនៅសល់សសរតែ៧២ ដើមប៉ុណ្ណោះ ហើយព្រះពុទ្ធបដិមាប្រលាក់ដោយផ្សែងភ្លើង។
ដោយសារគ្រោះធម្មជាតិនេះ ប្រជាជននៅទីនោះបានស្ថាបនាព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ៧២ដើមទេ។ រហូតមកដល់ឆ្នាំ១៩៧៨ ព្រះវិហារសសរ១០០ ត្រូវបានរុះរើ ហើយសាងសង់ឡើងវិញ ដោយមានបណ្ដោយ៣៥ម៉ែត្រ ទទឹង១៨ម៉ែត្រ មានកម្ពស់ ២៣ម៉ែត្រ និងសសរ១១៦ដើម។ ព្រះវិហារថ្មីត្រូវបានស្ថាបនារួចរាល់ និងបញ្ចុះសីមានៅថ្ងៃទី១៤ មករា ១៩៩៨។ បច្ចុប្បន្នព្រះវិហារ នេះមានសសរស៊ីម៉ងត៍ សុទ្ធចំនួន១១៦ដើម៕