(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃពីជាតិ ឆ្នាំម្សាញ់ សប្តស័កព.ស ២៥៦៩ គ្រឹស្ត សករាជ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃ ចំនួន៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតា ឆ្នាំចាស់ នាវេលាម៉ោង ៤៖៤៨នាទីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី។
ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម «គោរាគទេវី» ជាត្រីទី២ នៃកបិលមហាព្រហ្ម និងជាទេពធីតាសង្ក្រាន្តប្រចាំ «ថ្ងៃចន្ទ» ទ្រង់អម្ពរ «ពណ៌លឿង» លម្អព្រះកាណ៍ «សៀតផ្កាអង្គារបុស្ស» មានគ្រឿងប្រដាប់ «កែវម្ពា» សើយភក្សាហារ ប្រេងនិងគ្រឿងអាវុធ ព្រះហស្ថស្នា «ព្រះខ័ន» ព្រះហស្ថឆ្វេង «យដ្ឋិ (ឈើច្រត់)» ព្រមទាំងយានពាហនៈ និងអាការៈ និន្ទ្រាលង់លក់ ជាស្ទសម្រាន្តលើខ្នងព្យក្យ (ខ្លាធំ)។
ពិធីនេះ ក៏បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួង ដែលកើតមានពីឆ្នាំចាស់ និងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់។
នេះជាការចាប់ផ្តើម នៃការប្រារព្វពិធីសូត្រមន្ត រាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានា និងបងប្អូនប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ក្រោមម្លប់សន្តិភាព។
ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវបានរៀបចំឲ្យមានភាពអធិកអធមកាន់តែផុលផុស និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ តាមរយៈការរៀបចំអោយមានសង្គ្រាន្ត នៅគ្រប់ទីកន្លែង តាំងសង្គ្រាន្តវត្តភ្នំ ក៏ដូចសង្គ្រាន្ត តាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ព្រមទាំងតាមវត្តអារាម សាលារៀន ក្រុមហ៊ុនឯកជន និងមានការជួបជុំកំសាន្តសប្បាយយ៉ាងរីករាយ។ ពេលនេះ ក្រោមការដឹកនាំអភិវឌ្ឍន៍ ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យការអភិវឌ្ឍទីក្រុង បោះជំហានទៅមុខ ហួសពីការស្មាន។
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ (១៤-១៦ ខែមេសា ឆ្នាំ២០២៥) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបើកដំណើរការផ្លូវថ្មើរជើង Walk Street រយៈពេល៥ថ្ងៃទៀត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងពីការហាមឃាត់មិនអនុញ្ញាតឲ្យលេងល្បែង ដែលមិនមែនជាប្រពៃណីវប្បធម៌ជាតិ នឹងត្រូវប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមាន ឡើង ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលរួមទប់ស្កាត់ ពីគ្រោះអគ្គិភ័យ ការបើកបរត្រូវគោរពច្បាប់ចរាចរផ្លូវគោក បើកបរកុំពិសារគ្រឿងស្រវឹងជាដើម។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរទៅលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបសាធារណៈ ក្នុងរាជធានីភ្នំពេញ រួមទាំងលើកកម្ពស់ការប្រុងប្រយត្ន័ ពីគ្រោះអគ្គិភ័យផងដែរ ធ្វើយ៉ាងណាឲ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ដំណើរការទៅដោយក្តីសប្បាយរីករាយ និងសុំពរជ័យពីទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី សម្រាប់ឆ្នាំថ្មីនេះ៕