(ភ្នំពេញ)៖ អតីតបេក្ខភាពរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំសំខាន់ៗរបស់រណសិរ្សរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេសចំនួន៩នាក់ទៀត បានចេញមកប្រកាសផ្ដាច់ខ្លួនចេញពីចលនាប្រឆាំង និងស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូប្រកាសផ្ដាច់ខ្លួន, អតីតបេក្ខភាពរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំសំខាន់ៗទាំង៩នាក់នេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅពួកគេបានផ្តាច់ខ្លួន និងរំលាយអង្គការចាត់តាំងរបស់ពួកគេ ចោលហើយ និងប្រកាស សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
អតីតរចនាសម្ព័ន្ធក្នុងក្រសួងការងារ នៃចលនារណសិរ្សរំដោះជាតិខ្មែររបស់រដ្ឋាភិបាលជាតិខ្មែរនិរទេសដឹកនាំដោយលោក សម សេរី រួមមាន៖
*ទី១៖ លោក ព្រឿង ជុំ ជាអតីតបេក្ខភាពរដ្ឋមន្ត្រីក្រសួងការងាររណសិរ្សរំដោះជាតិខ្មែរ នៃរដ្ឋាភិបាលជាតិខ្មែរនិរទេស
*ទី២៖ លោក អ៊ុង ចិន អតីតបេក្ខភាពអនុរដ្ឋមន្ត្រីក្រសួងការងាររណសិរ្សរំដោះជាតិខ្មែរ នៃរដ្ឋាភិបាលជាតិខ្មែរនិរទេស
*ទី៣៖ លោក រ៉ម គឹមហួរ អតីតបេក្ខភាពរដ្ឋលេខាធិការក្រសួងការងាររណសិរ្សរំដោះជាតិ នៃរដ្ឋាភិបាលនិរទេស
*ទី៤៖ លោក មួន ពេជ្រសិលា អតីតបេក្ខភាពអនុរដ្ឋលេខាធិការក្រសួងការងាររណសិរ្សរំដោះជាតិ នៃរដ្ឋាភិបាលជាតិខ្មែរនិរទេស
*ទី៥៖ លោក អ៊ុយ ស៊ីថា អតីតបេក្ខភាពប្រធានព័ត៌មាន និងឃោសនាការរណសិរ្សរំដោះជាតិ នៃរដ្ឋាភិបាលខ្មែរនិរទេស
*ទី៦៖ លោក លាស់ សម្ភស្ស អតីតបេក្ខភាពអនុប្រធានព័ត៌មាន និងឃោសនាការក្រសួងការងាររណសិរ្សរំដោះជាតិ នៃរដ្ឋាភិបាលនិរទេស
*ទី៧៖ លោក ឆន ឈុន អតីតបេក្ខភាពប្រធានហិរញ្ញឹករណសិរ្សរំដោះជាតិ នៃរដ្ឋាភិបាលនិរទេស
*ទី៨៖ អ្នកស្រី គឹម ធួក អតីតបេក្ខភាពអនុប្រធានហិរញ្ញឹករណសិរ្យរំដោះជាតិ នៃរដ្ឋាភិបាលនិរទេស
*ទី៩៖ លោក ខែម សុភ័ណ្ឌ អតីតបេក្ខភាពប្រធានរដ្ឋបាលរណសិរ្យរំដោះជាតិ នៃរដ្ឋាភិបាលជាតិខ្មែរនិរទេស។
លោក ព្រឿង ជុំ ជាអតីតបេក្ខភាពរដ្ឋមន្ត្រីក្រសួងការងាររណសិរ្សរំដោះជាតិខ្មែរ នៃរដ្ឋាភិបាលជាតិខ្មែរនិរទេស បានថ្លែងថា «ក្នុងនាមខ្ញុំជាតំណាងបេក្ខភាពរដ្ឋមន្ត្រីក្រសួងការងារ និងតំណាងបងប្អូនរណសិរ្សរំដោះជាតិខ្មែរ ដែលដឹកនាំដោយបង សម សេរី ទាំងអស់សូមធ្វើការផ្តាច់ខ្លួនចេញពីរណសិរ្សរំដោះជាតិខ្មែរ ឬក៏រាជរដ្ឋាភិបាលនិរទេស ដែលដឹកនាំដោយលោក សម សេរី ចាប់តាំងពីពេលនេះទៅ ហើយពួកខ្ញុំទាំងអស់គ្នានេះ សូមធ្វើការប្រកាសគាំទ្រ និងចូលរួមជីវភាពនយោបាយជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី»។
លោកបានបន្តទៀតថា «ដោយសារកន្លងមកនេះ ពួកខ្ញុំមានការយល់ខុសអំពីគោលនយោបាយ ទើបធ្វើឱ្យពួកខ្ញុំខុសឆ្គងក្នុងការធ្វើនយោបាយ។ ពេលនេះពួកខ្ញុំបានធ្វើការកែប្រែ និងបានដឹងពីគុណតម្លៃដ៏ធំធេងរបស់សម្តេចតេជោ ដែលជាអ្នកស្នេហាជាតិពិតប្រាកដ មានបេះដូងមនុស្សធម៌ពិតប្រាកដ ក្នុងការសង្គ្រោះជាតិ និងអាណិតអាសូរដល់បក្សប្រឆាំងទាំងអស់ ដែលលោកតែងតែយកចិត្តទុកដាក់»។
សូមបញ្ជាក់ថា ការប្រកាសផ្ដាច់ខ្លួនរបស់អតីតមេចលនាប្រឆាំងទាំងនេះ ស្របពេលដែលប៉ុន្មានកន្លងទៅលោក សម សេរី អតីតប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលកំពុងរស់នៅប្រទេសដាណឺម៉ាក ក៏បានប្រកាសរំលាយរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលខ្លួនបានបង្កើតឡើង និងបានផ្ញើលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕