(ភ្នំពេញ)៖ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃ ចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។
ក្នុងឱកាសត្រឡប់ជួបជុំគ្រួសារដ៏សប្បាយរីករាយនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ដល់បងប្អូនពលករ ដែលបានធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយជួយសម្របសម្រួល ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ។ បងប្អូនពលករខ្មែរសប្បាយចិត្តជាខ្លាំង នៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ ដែលជាការជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករវិលមកលេងស្រុកកំណើត។
ទន្ទឹមនេះដែរ ក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារនៃច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ និងអាជ្ញាធរថៃ នៅបន្តរង់ចាំជួយសម្របសម្រួលអន្តរាគមន៍នានា ដោយមានការចែកភេសជ្ជៈ ទឹកសុទ្ធ នំផ្អែម នំប៉័ង ជូនបងប្អូនជាបន្តបន្ទាប់ អំឡុងពេលបងប្អូនពលករខ្មែររង់ចាំបំពេញឯកសារផ្សេងៗផងដែរ៕