(រតនគិរី)៖ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងវិធានការសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅខេត្តរតនគិរី ជាពិសេសសម្រាប់ថ្ងៃចូលឆ្នាំប្រពៃណីជាតិនាខាងពេលមុខនេះ។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីលោកស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុកទាំង៩ ស្នងការរង នាយការិយាល័យជំនាញ អធិការក្រុង/ស្រុកទាំង៩ មេបញ្ជាការវរៈតូចការពារព្រំដែនលេខ ៦២៣, លេខ២០៣, មេបញ្ជាការយោធាក្រុង/ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង/ស្រុក និងមេប៉ុស្តិ៍នគរបាលការពារព្រំដែន ព្រមទាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ឯក កឹង ឃន បានផ្ដល់អនុសាសន៍ណែនាំចំណុចសំខាន់ៗ ទាក់ទងទៅនឹងវិធានការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនសង្គមជាតិ។ លោកចាត់ទុកថា ការងារផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិឃុំ/សង្កាត់​ មានសុវត្ថិភាពដែលជាការងារចាំបាច់ចំពោះមុខសម្រាប់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានជោគជ័យ​ស្របទៅតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាលនៃកម្ពុជា។

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ គណៈអធិបតីទាំងពីរ បានជូនពរកងកម្លាំងនគរបាលជាតិខេត្តរតនគិរី មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីរួមចំណែកការពារសន្តិសុខសណ្តាប់ ជូនប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយផងដែរ៕