(កណ្ដាល)៖ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគណខេត្ត ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រុំ បានរៀបចំព្រឹត្តិការសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥ នៅបរិវេណវត្តស្វាយជ្រុំ មុនពេលប៉ុន្មានថ្ងៃបន្តបន្ទាប់មុនចូលឆ្នាំមកដល់ ជាមួយនឹងការបង្ហាញពីស្នាដៃសិល្បៈ វប្បធម៍ ប្រពៃណីជាតិខ្មែរ ឲ្យកូនខ្មែរបានស្គាល់ បានឃើញ និងរួមគ្នារក្សាកេរ្តិ៍ដំណែលពីដូនតា តទៅមុខតជំនាន់។

នៅក្នុងកម្មវិធិសង្ក្រាន្តនេះ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានថ្លែងនូវការកោតសរសើរ ចំពោះគំនិតផ្ដួចផ្ដើមនេះ និងសូមលើកទឹកចិត្តឲ្យធ្វើរាល់ឆ្នាំ ដោយមើលឃើញថា ការរៀបចំព្រឹត្តិការណ៍នេះ ពិតជាវិសេសវិសាល ណាស់ ការសម្តែងសិល្បៈវប្បធម៍ដូនតាខ្មែរ ពិតជាការរក្សានូវកេរ្តិ៍មករតកដូនតាឲ្យកូនខ្មែរស្គាល់ពីអ្វីដែលជាវប្បធម៍របស់ខ្មែរយ៉ាងពិតប្រាកដ ហើយរួមគ្នាបំផុសបំផុលឲ្យបានច្រើនឡើងៗ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយស្គាល់ ពីវប្បធម៍ សិល្បៈរបស់ខ្មែរ។

ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា បានមានថេរដីកាថា ព្រោះតែមានគោលបំណងសំខាន់លើកស្ទួយវប្បធម៍ សិល្បៈ ប្រពៃណីជាតិ និងកេរ្ត៍មករតកដូនតាខ្មែរឲ្យកូនខ្មែរគ្រប់អាត្មាបានស្គាល់ ទើបព្រះអង្គបានរៀបចំ​កម្មវិធីនេះឡើង ដោយមានការសម្តែងសិល្បៈ វប្បធម៍ពាក់ព័ន្ធនឹងកេមរតកដូនតាខ្មែរជាច្រើន ញ៉ាំងឲ្យកូនខ្មែរ ងាកមកចាប់អារម្មណ៍ កាន់តែស្រលាញ់និងរួមគ្នាថែរក្សា បំផុសបំផុលអ្វីដែលជារបស់ខ្មែរយើង ឲ្យកាន់តែល្អផូរផង់ឡើងៗ ។

ព្រះអង្គពិតជាកោតសរសើរដល់ក្រុមសិល្បៈទាំងអស់គ្នាដែលសុទ្ធសឹងតែជាកូនខ្មែរទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ប្រឹងសម្តែង និងលេងល្បែងកម្សាន្តរបស់ខ្មែរយ៉ាងរស់រវើក ញ៉ាំងឲ្យកម្មវិធី​រឹតតែអធិកអធម សប្បាយរីករាយ ដែលនេះក៏ជាការរួមចំណែកថែរក្សាវប្បធម៍ខ្មែរ ឲ្យកាន់តែល្បីល្បាញឡើងៗ ហើយកូនខ្មែរគ្រប់ប្រាណចងចាំទុកនូវកេរ្ត៍មរតកពីដូនតាមក ។

ព្រះអង្គនឹងនៅតែមានផែនការក្នុងការរៀបចំពិធីនេះឡើងឲ្យរឹតតែអធិកអធមថែមទៀត នាឱកាសឆ្នាំខាងមុខៗដើម្បីបំផុសវប្បធម៍ខ្មែរ សិល្បៈបូរាណ ល្បែងប្រជាប្រិយខ្មែរ ឲ្យកាន់តែផុសផុលឡើងៗ។

យុវតីមួយរូបឈ្មោះ សុជាតា ជាអ្នកក្រុងអរិយក្សត្រ ដែលបានមកចូលរួមទស្សនា និងលេងកម្សាន្ត បានសំដែងការត្រេកអរ និងរំភើប ដែលបានមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសម្បូរបែបហើយពិសេស​បានឃើញ​ពីការសម្តែងនូវសិល្បៈវប្បធម៍បូរាណខ្មែរដ៏ល្អរស់រវើក ដែលមិននឹកស្មានថា ដូនតាខ្មែរយើង បានបន្សល់កេរមរតកសិល្បៈដ៍ល្អឯកបែបនេះសោះ ,បើមិនបានមកឃើញផ្ទាល់ទេ ពិតជាមិនបានដឹងទេថា សិល្បៈវប្បធម៍ខ្មែរយើងល្អម្លឹងៗបែបនេះសោះ។

ជាមួយគ្នានេះដែរ យុវជនឈ្មោះ ដារ៉ារិទ្ធ ក៏បានលើកឡើងពីការរំភើបស្រដៀងគ្នានេះដែរ ហើយសំណូមពរព្រះចៅអធិការវត្តស្វាយជ្រុំបន្តធ្វើជារៀងរាល់ឆ្នាំ ហើយខ្លួននឹងនាំបងប្អូន មិត្តភក្ដិជិតឆ្ងាយ មកទស្សនា និងចូលរួមឲ្យបានច្រើនកុះករ ព្រោះមើលទៅអធិកអធមណាស់ ខ្មែរយើងពិតជាអស្ចារ្យមែន៕