(ឧត្តរមានជ័យ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥ ដែលនឹងឈានមកដល់នាពេលដ៍ខ្លីខាងមុខនេះ អាជ្ញាធរស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្ត បានរៀបចំ «សង្ក្រានចុងកាល់» នៅក្នុងបរិវេណសាលាស្រុកចុងកាល់ ដោយចាត់ឱ្យមានកម្មវិធីជាច្រើន ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ។
លោក លី រដ្ឋា អភិបាលស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៍មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះថា ដោយអន្តវត្តន៍តាមការណែនាំពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អាជ្ញាធរស្រុកចុងកាល់ បានចាត់រៀបចំ «សង្ក្រានចុងកាល់» ឡើងប្រកបដោយក្បាច់រចនា ពិសេសមានការតាំងលម្អដោយភ្លើងពណ៍ចម្រុះយ៉ាងស្រស់ស្អាតនាពេលរាត្រី និងចាត់ឱ្យមានកម្មវិធីសប្បាយៗជាច្រើនទៀត។
លោកអភិបាលស្រុកចុងកាល់ បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា«សង្ក្រានចុងកាល់» អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ រដ្ឋបាលស្រុកចុងកាល់ បានរៀនចំកម្មវិធីចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា។ ដោយឡែកចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ មានការរៀបចំសំដែងល្ខោនបាសាក់ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត និងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មានលេងល្បែងប្រជាប្រិយ ការប្រគំតន្ត្រីស្គរពក តន្ត្រីសម័យ តំបន់សើម ម៉ាស៊ីនបាញ់បពុះសាប៊ូ និងមានការដាក់តាំងបង្ហាញពិពណ៍តម្បាញប្រចាំតំបន់ នៅភូមិឆ្កែស្រែង ឃុំជើងទៀន ដោយលើកកីតម្បាញមកធ្វើនៅក្នុងសង្ក្រានផ្ទាល់តែម្តង ក្រៅពីនោះគឺការធ្វើនំបញ្ចុកនៅទីនេះ ហើយហូបនៅទីនេះតែម្តង។
លោក លី រដ្ឋា បានថ្លែងបកស្រាយឱ្យដឹងផងដែរថាទាក់ទងនឹងការរៀបចំឱ្យមានការសំដែងល្ខោនបាសាក់ ជូនប្រជាពលរដ្ឋទស្សនារហូតដល់ ២យប់នោះ គឺដោយសារមានការសំណូមពរច្រើនពីបងប្អូនប្រជាពលរដ្ឋ ជា ពិសេសប្រជាពលរដ្ឋដែលមានវ័យចំណាស់ ទើបអាជ្ញាធរស្រុក ចាត់ឱ្យមានការរៀបចំការសំដែងល្ខោនបាសាក់នេះឡើង សម្រាប់ពួកគាត់បានមកទស្សនាកម្សាន្តផងដែរ។
លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ជិត ឆ្ងាយ អញ្ជើញចុលរួមលេងកម្សាន្ត«សង្ក្រានចុងកាល់»ឱ្យបានច្រើនកុះករ៕