(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងសព័ត៌មាន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង Group ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះលោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No To Fake News» ត្រូវបានបើកជាផ្លូវការ ដោយក្រសួងព័ត៌មានកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ពោលគឺយុទ្ធនាការនេះនឹងធ្វើឡើងរយៈពេល១ឆ្នាំ ក្នុងគោលបំណងកាត់បន្ថយឱ្យមកនៅកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយ ពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ដោយយុទ្ធនាការនេះនឹងត្រូវអនុវត្តនៅទូទាំងប្រទេស។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្តយុទ្ធនាការ គឺមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់។
បន្ទាប់បានស្តាប់ប្រសាសន៍លើកឡើងពីកិច្ចការងារជាច្រើនពាក់ព័ន្ធនឹងវិស័យព័ត៌មាននៅកម្ពុជា ជាពិសេសការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យឌីជីថលនេះ, ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង Group បានបញ្ជាក់ថា ក្នុងនាមជាវិស័យឯកជនដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ ហូលឌីង បានចូលរួមសហការលើការងារជាច្រើនជាមួយក្រសួងព័ត៌មាន បន្ថែមពីនេះនឹងព្រីនស៍នឹងព្យាយាមផ្សព្វផ្សាយ ព័ត៌មានពិតអំពីកម្ពុជា ទៅកាន់ពិភពលោក។
លោក Gabriel Tan បានគូសបញ្ជាក់ថា តាមរយៈយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលទើបនឹងចេញដំណើរថ្មីៗនេះ ក្នុងនាមវិស័យឯកជននឹងចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ទៅតាមលទ្ធភាព ក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជាផងដែរ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុនព្រីនស៍ ដែលបានចូលរួមជាមួយក្រសួងព័ត៌មាន ព្រោះការចូលរួមពីវិស័យឯកជនពិតជាមានសារៈសំខាន់ក្នុងការអប់រំសាធារណជន ឱ្យបានទូលំទូលាយពីប្រធានបទនេះ ជាពិសេសការបញ្ជាក់ជំហរផ្សព្វផ្សាយព័ត៌មាន ភាពត្រឹមត្រូវរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ៕