(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពី លទ្ធផលដែលសំរេចបានក្នុងយុទ្វនាការរួមគ្នា «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១» កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
ជាមួយគ្នានេះ កិច្ចពិភាក្សាបានធ្វើការផ្លាស់ប្តូរទស្សនៈលើ កិច្ចសហការបង្កើតផលិតផលទេសចរណ៍ថ្មីរួមគ្នា សម្រាប់ឆ្នាំថ្មីនេះ ដូចជាទេសចរណ៍សាសនា, ភាពយន្តទេសចរណ៍, ទេសចរណ៍ធម្មយាត្រា, ទេសចរណ៍ក្រេបទឹកឃ្មុំ, ការជំរុញជើងហោះហើរត្រង់ជាប្រចាំ និងទៀងទាត់ រវាងប្រទេសទាំងពីរបន្ថែមទៀត។
ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធ រវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ, ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន ប្រព័ន្ធផ្សព្វផ្សាយ និងប្រតិបត្តិករទេសចរណ៍ព្រមទាំងការអនុវត្តឲ្យបានចប់នូវគម្រោងវិនិយោគអេកូទេសចរណ៍កន្លងមក។
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋូទូតឥណ្ឌាប្រចាំនៅកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់លើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាពល្អប្រសើររបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ រវាងកម្ពុជា និងឥណ្ឌាព្រមទាំងជាកត្តាទាក់ទាញនូវទំនុកចិត្តពីសំណាក់វិនិយោគិន និងទេសចរឥណ្ឌាមកបណ្តាក់ទុន និងទស្សនាកម្ពុជាកាន់តែច្រើនឡើង៕