(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រដ្ឋបាលខេត្តតាកែវ នឹងរៀបចំសង្ក្រាន្ត តំបន់ត្រជាក់ចិត្ត និងមានការប្រគំតន្ត្រីខ្នាតយក្សក្រោមវត្តមានឌីជេ និងតារាល្បីៗប្រចាំកម្ពុជា។
លោកអភិបាលខេត្តតាកែវ បានថ្លែងថា តាកែវសង្ក្រាន្តឆ្នាំនេះរឹតតែពិសេសនិងមានភាពទាក់ទាញ ដោយក្នុងនោះយើងបានរៀបចំតំបន់ត្រជាក់ចិត្ត ដោយបានដាក់ឡានបាញ់ទឹកជាច្រើនគ្រឿង និងម៉ាស៊ីនបាញ់ពពុះសាប៊ូ រួមនិងពាងទឹកជាច្រើនទៀត។
លោក បានបន្តថា ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ដែលចូលចិត្តលេងទឹកសូមអញ្ជើញមកចូលរួមលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត ដែលរដ្ឋបាលខេត្តបានរៀបចំយ៉ាងពិសេសពុំធ្លាប់មានពីមុនមក និងមានទាំងការប្រគំតន្ត្រីខ្នាតយក្ស ជូនទស្សនា និងរាំលេងកម្សាន្តទៀតផង។
ជាមួយគ្នានេះ លោក វ៉ី សំណាង បានបន្តថា៖ «ក្រៅពីរៀបចំតំបន់ត្រជាក់ចិត្ត រដ្ឋបាលខេត្តក៏បានរៀបចំទីតាំងកម្សាន្តសប្បាយៗជាច្រើនទៀតរួមមាន៖ ពិធីសាសនាភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ ភូមិល្បែងប្រជាប្រិយ និងទស្សនីយភាពសិល្បៈចម្រុះ និងតាកែវភូមិកំណើតខ្ញុំ ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិបានសិក្សាស្វែងយល់ពីវប្បធម៌អរិយធម៌ខ្មែរ ដែលជាកេរដំណែលតាំងពីយូរលង់ណាស់មកហើយ»។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ ខាងមុខនេះ រដ្ឋបាលខេត្តតាកែវបានរៀបចំព្រឹត្តការណ៍តាកែវសង្ក្រាន្ត នៅបរិវេណសួនច្បារមាត់បឹងតាកែវ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានព្រឹត្តការណ៍សប្បាយ ប្លែកៗជាច្រើន និងសូមគោរពអញ្ជើញប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមលេងកម្សាន្តតាកែវសង្ក្រាន្ត ឆ្នាំ២០២៥ ដែលរដ្ឋបាលខេត្តបានរៀបចំឱ្យបានច្រើនកុះករ ក្រោមម្លប់សុខសន្ដិភាព៕