(កំពង់ធំ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសម្អាត បរិស្ថាន អនាម័យ នៅសួនស្ទឹងសែន និងតាមបណ្ដាទីតាំងមួយចំនួនក្នុងក្រុងស្ទឹងសែន ដែលដែលដឹកនាំដោយ លោក ញ៉ឹក បានខេង អភិបាលរងខេត្ត មានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំ វិញខេត្ត កងកម្លាំងទាំងបី សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។
លោក ញ៉ឹក បានខេង ថ្លែងថា ឆ្នាំនេះរដ្ឋបាលខេត្តនឹងរៀបចំសង្ក្រាន្តកំពង់ធំ ដោយមានការតុបតែងលម្អតាមបណ្តាសួនច្បារសំខាន់ៗ ផ្លូវ ស្ពានក្នុងក្រុងស្ទឹងសែនឲ្យមានភាពស្រស់ស្អាត គួរជាទីមនោរម្យ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ចូលកំសាន្តសប្បាយនាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
ម្យ៉ាងវិញទៀត ដើម្បីចូលរួមចំណែក ក្នុងការលើកសោភ័ណភាព អនាម័យ បរិស្ថានក្នុងក្រុងស្ទឹងសែន ឲ្យកាន់តែមានភាពស្រស់បំព្រង ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញអ្នកទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាក្រុងមួយនេះ ឱ្យកាន់តែច្រើនឡើង។
លោកថា ក្នុងយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឱ្យក្រុងស្ទឹងសែនរបស់យើង ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ ផ្កាចម្រុះពណ៌ និងបង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។
លោកបន្តទៀតថា ដើម្បីឱ្យយុទ្ធនាការសម្អាតអនាម័យបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សូមបងប្អូនប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់ សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាព «បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា»។
សូមបញ្ជាក់ថា ផែនការដែលត្រូវសម្អាតនៅពេលនេះ មានចំនួន២៨គោលដៅ ដែលស្ថិតនៅក្នុងក្រុងស្ទឹងសែន៕