(កំពត)៖ «សង្ក្រាន្តទឹកឈូ» នឹងរៀបចំប្រព្រឹត្តធ្វើឡើងនៅឆ្នេរកោះស្មៅ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ជាមួយការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ និងញាំអាហារ នំចំណី និងផ្លែឈើគ្រប់ប្រភេទដោយឥតគិតថ្លៃ។
សូមបញ្ជាក់ដែរថា ឆ្នេរកោះស្មៅ ជាសមិទ្ធផលទេសចរណ៍ដ៏ថ្មីស្រឡាងមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើននៅក្នុងភូមិសាស្ត្រនៃស្រុកទឹកឈូ ដែលនៅពេលថ្មីៗនេះ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកសម្រាកលំហែកាយលេងកម្សាន្តយ៉ាងច្រើនកុះករ ដោយសារទេសភាពនៃកោះស្មៅមួយនេះ ជារបៀបធម្មជាតិ និងមានការរៀបចំតុបតែងរបស់រដ្ឋបាលស្រុកទឹកឈូ យ៉ាងល្អប្រសើរ មានផាសុខភាព និងទេសភាពតាមដងព្រែកនិងសមុទ្រគួរឲ្យគយគន់ផងដែរ។
លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឲ្យដឹងនៅថ្ងៃនេះថា ការរៀបចំសង្ក្រាន្តទឹកឈូនៅឆ្នេរកោះស្មៅនេះ គឺក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយលោកឲ្យក្រុង ស្រុកទាំងអស់ រៀបចំនូវព្រឹត្តិការណ៍សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
ដោយឡែកសម្រាប់ស្រុកទឹកឈូ បានរៀបចំសង្ក្រាន្តទឹកឈូ នៅឆ្នេរកោះស្មៅ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដើម្បីចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មី ដែលកើតមាននៅក្នុងខេត្តកំពត ហើយសមិទ្ធផលជាច្រើន ដូចជាឆ្នេរកោះស្មៅទើបតែបង្កើតឡើងនេះ និងសមិទ្ធផលមួយបន្ថែមទៀត គឺផ្លូវបេតុងដែលចេញពីក្រុងកំពត មកដល់ឆ្នេរកោះស្មៅ នៃស្រុកទឹកឈូ ដែលផ្លូវបេតុងនោះកសាងឡើងក្រោមការដឹកនាំរបស់លោកអភិបាលខេត្តកំពត ហើយផ្លូវនេះក៏បានតភ្ជាប់រហូតទៅដល់កំពង់ផែទេសចរណ៍អន្តរជាតិ ដែលស្ថិតក្នុងឃុំជុំគ្រៀលនៃស្រុកទឹកឈូផងដែរ។
លោកអភិបាលស្រុកទឹកឈូ បន្តឲ្យដឹងទៀតថា ស្រុកទឹកឈូ បានចូលរួមចំណែក ជាមួយរដ្ឋបាលខេត្ត នៅក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ គឺរដ្ឋបាលស្រុកទឹកឈូ ររៀបចំជាសង្គ្រាន្តទឹកឈូ ក្នុងនោះធ្វើឡើងនៅថ្ងៃទី១១ វេលាម៉ោង៤ រសៀល នៅទីតាំងឆ្នេរកោះស្មៅ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ កម្មវិធីនេះដែរ បានរៀបចំឲ្យមានលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ ដូចជា លាក់កន្សែង, ចោលឈូង, ទាញព្រ័ត, វាយក្អម និងល្បែងផ្សេងៗជាច្រើនទៀតហើយល្បែងទាំងអស់ហ្នឹង មិនមានការលេងល្បែងដូចជា គប់ទឹក ប៉ាតម្សៅនោះទេ ហើយការលេងល្បែងទាំងអស់នោះ គឺសំដៅចូលរួមក្នុងការអភិរក្សពាក់ព័ន្ធល្បែងប្រជាប្រិយរបស់ខ្មែរយើង។
ជាមួយគ្នានេះ ក៏មានរៀបចំពិធីរាំកំសាន្តសប្បាយ នូវបទភ្លេងប្រពៃណីជាតិខ្មែរ និងមានដាក់តាំង ញ៉ាំនំចំណី ម្ហូបអាហារភេសជ្ជៈ ដែលយកមកពីបណ្ដាឃុំក្នុងស្រុកទឹកឈូ ដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកចូលរួមលេងកម្សាន្តសប្បាយ។
ក្នុងកម្មវិធីនោះដែរ ក៏មានការដាក់សម្តែងចំនួន ៣កម្មវិធី រួមមាន គឺការសម្ដែងរបាំត្រុដិ សម្ដែងក្បាច់គុនបុក្កតោ ដែលកីឡាករមកពីស្រុកទឹកឈូ និងសម្ដែងសិល្បៈផ្លុំភ្លើងនៅពេលរាត្រីដែលជាទស្សនីយភាពជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដែលពួកគាត់មកចូលរួមកម្សាន្តលេងសប្បាយ។
គួររំលឹកដែថា ចំពោះខេត្តកំពត ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងនាមរដ្ឋបាលខេត្ត បានត្រៀមលក្ខណៈទទួលប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រួចជាស្រេច ដោយមានសមិទ្ធផលថ្មីៗជាច្រើន ទើបតែបង្កើតបានជាហូរហែរ ដូចជា សេះសមុទ្រ, នាឡិកាយក្ស, ទឹករាំតាមចង្វាក់ភ្លេង ជាដើម៕