(ស្ទឹងត្រែង)៖ ស្ទឹងត្រែងសង្ក្រាន្ត ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោក សរ សុពុត្រា អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាការរៀបចំស្ទឹងត្រែងសង្ក្រាន្ត២០២៥ នឹងលើកយកល្បែងប្រជាប្រិយខ្មែរ ១១ប្រភេទ មកលេងកម្សាន្តរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦មេសា២០២៥ នៅលើបរិវេណ (វេទិកានាគជ័យ នៃទីលានតេជោសន្តិភាព) ផ្នែកខាងមុខសាលាខេត្តស្ទឹងត្រែង។

នាយករង និងជាមន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានឱ្យដឹងថា ដោយមានការសម្រេចជាគោលការណ៍ពីលោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាការរៀបចំស្ទឹងត្រែងសង្ក្រាន្ត ល្បែងប្រជាប្រិយខ្មែរ ដែលត្រូវយកមកលេងកម្សាន្ត ក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី២០២៥ រយៈពេល ៣ថ្ងៃ (១៤-១៥-១៦មេសា២០២៥) គឺមានចំនួន ១១ប្រភេទ ក្នុងនោះរួមមាន៖ ល្បែងវាយក្អម ស្តេចចង់ ចោលឈូង ចាប់កូនខ្លែង (ខ្លែងចាប់កូនមាន់) លាក់កន្សែង បោះអង្គញ់ ប្រកួតដណ្តើមស្លឹកឈើ រាំដណ្តើមកៅអី ល្បែងអុក ប្រកួតលោតបាវ និងល្បែងទាញព្រ័ត្រ។ ក្រៅពីការលេងល្បែងប្រជាប្រិយខាងលើនេះ ក៏មានការសម្តែង និងរាំកម្សាន្តចង្វាក់ប្រពៃណីថែមទៀតផង។

លោក ម៉ែន គង់ បន្តឱ្យដឹងទៀតថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃនោះ រដ្ឋបាលខេត្តស្ទឹងត្រែង បានត្រៀមកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ៥០០នាក់ កម្លាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ សម្រាប់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យប្រមាណ ២ពាន់នាក់ ក្នុងនោះមានកម្លាំងដឹកនាំ កម្លាំងរៀបចំ និងកម្លាំងចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដោយមិនទាន់គិតពីមហាជន និងប្រជាពលរដ្ឋ ដែលបានចូលរួមលេងកម្សាន្តផងទេ។

សូមជម្រាបថា ស្ទឹងត្រែងសង្ក្រាន្តឆ្នាំ២០២៥ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦មេសា២០២៥ ចាប់ពីពេលថ្ងៃត្រង់ នៃថ្ងៃនីមួយៗតទៅ នឹងមានលេងល្បែងប្រជាប្រិយចំរុះ បង្ហាញផ្ទាំងទស្សនីយភាពសិល្បៈបុរាណ-ប្រជាប្រិយ ការរាំកំសាន្តចង្វាក់ប្រពៃណីជាតិ ការទាញព្រ័ត្រមហិមា ការកំសាន្តភូមិប្រដាល់ធ្លាក់ទឹក-គប់កូនក្រមុំធ្លាក់ទឹក ការកំសាន្តភូមិត្រជាក់ចិត្ត ទស្សនាប្រដាល់គុនខ្មែរ និងការប្រគំតន្ត្រីសម័យចំរុះ រហូតដល់ពេលរាត្រី និងនៅរៀងរាល់រាត្រីមានការបាញ់កាំជ្រួច និងបណ្តែតប្រទីប នៅផែកំពង់ចម្លងសេកុង ក្នុងក្រុងស្ទឹងត្រែង ថែមទៀតផង។

មហាសង្ក្រាន្តឆ្នាំថ្មី នឹងចូលមកដល់នៅថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ នាវេលាម៉ោង៤ និង៤៨នាទីព្រឹក ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម”គោរាគទេវី” ជាបុត្រីទី២ នៃកបិលមហាព្រហ្ម និងជាទេពធីតាសង្ក្រាន្តប្រចាំ «ថ្ងៃចន្ទ» អម្ពរ«ព័ណ៌លឿង» លម្អព្រះកាណ៍«សៀតផ្កាអង្គារបុស្ប» គ្រឿងលំដាប់ «កែវមុក្តា» ភក្សាហារ ប្រេង គ្រឿងអាវុធ ព្រះហស្ថស្តាំ «ព្រះខ័ន» ព្រះហស្ថឆ្វេង «យដ្ឋិ (ឈើច្រត់)» យានពាហនៈ និងអាការៈ និន្ទ្រាលង់លក់ ជាសុខសម្រាន្តលើខ្នងព្យគ្ឃ (ខ្លាធំ)៕