(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប និងបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីបានតាមដានស្ដាប់នៅរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការរីកចម្រើនរបស់ក្រុងសៀមរាប ដែលលើកឡើងដោយលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងការប្រគល់សេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងខេត្តសៀមរាប រួចមក, លោក ក្នុងនាមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានសម្ដែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងបានថ្លែងនូវអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារចុះតាមសង្កាត់ទាំង១២ រួមនឹងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រុមយុវជន និងអង្គការមហាជននានានៅទូទាំងក្រុងសៀមរាប ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។
លោក ឥត សារ៉ាត់ បានបញ្ជាក់ថា ការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការមួយដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋអំពីខ្លឹមសារសំខាន់ៗនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីនយោបាយជាអាទិភាព និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ដោយត្រូវផ្សារភ្ជាប់ ជាមួយការផ្សព្វផ្សាយ អំពីលទ្ធផលជាក់ស្តែងដែលត្រូវអនុវត្តតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងសំណូមពរជាក់ស្តែងរបស់មូលដ្ឋាន។
ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្រក្នុងការចុះជួយមូលដ្ឋានរបស់រាជរដ្ឋាភិបាល លោក ឥត សារ៉ាត់ បានជំរុញឱ្យក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងសៀមរាប ខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងដល់មន្ត្រី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ អំពីខ្លឹមសារសំខាន់ៗនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាព និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ដោយត្រូវផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយ អំពីលទ្ធផលជាក់ស្តែងដែលបានអនុវត្តនិងសមិទ្ធផលដែលសម្រេចបានកន្លងមក។
ត្រូវបន្តចុះឱ្យដល់គ្រប់បណ្តាសាលារៀន មជ្ឈមណ្ឌលបណ្តុះបណ្តាល ប៉ុស្តិ៍សុខភាព មណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែកនៅតាមមូលដ្ឋាន ដើម្បីតាមដាននិងវាយតម្លៃសកម្មភាពនៃវិស័យ ជាអាទិភាពនេះ សំដៅជំរុញ និងបង្កើនប្រសិទ្ធភាព និងត្រូវបំផុសចលនាលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងត្រូវបន្តយកចិត្តទុកដាក់សហការ ជួយគាំទ្រដល់ការផ្តល់ សេវាអប់រំ និងសុខាភិបាលនៅមូលដ្ឋាន។
ជាមួយគ្នានោះដែរ ក៏ត្រូវយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរមូលដ្ឋាន បំផុសចលនាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ឱ្យមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដើម្បីទទួលបានឱកាស ការងារ និងទទួលបានប្រាក់ឧបត្ថម្ភ ព្រមទាំងត្រូវផ្តួចផ្តើមរៀបចំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិត ស្របតាមសភាពការណ៍តម្រូវការទីផ្សារ និងសក្តានុពល ប្រជាសាស្ត្រនិងភូមិសាស្ត្ររបស់មូលដ្ឋាន។
ត្រូវជួយផ្សព្វផ្សាយ ពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្ត កម្មវិធីជំនួយសង្គមនៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព បរិយាបន្ន និងគណនេយ្យភាព។ បន្តយកចិត្តទុកដាក់តាមដាន ភ្ជាប់ឱ្យជាប់នូវស្ថានភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានពិសេសការជួយអន្តរាគមន៍គាំទ្រដល់ប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិ និងវិបត្តិផ្សេងៗ។ ទន្ទឹមនឹងនោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក៏ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយសម្របសម្រួល លើកទឹកចិត្ត និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយឥតគិតថ្លៃ ដើម្បីទទួលបានការគាំទ្រនិងគាំពារពី រាជរដ្ឋាភិបាល និងត្រូវបន្តសហការវាយតម្លៃសក្តានុពលរបស់មូលដ្ឋាន និមួយៗក្នុងការរៀបចំផែនការ អភិវឌ្ឍន៍ និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋានរួមគ្នាបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូប ឱ្យយល់ច្បាស់អំពីគុណតម្លៃនៃសន្តិភាព និងសន្តិសុខ និងបន្តយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព ការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន កងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យខិតខំពង្រឹងថែរក្សាការពារឱ្យបានគត់មត់នូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមតាមមូលដ្ឋាន ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានលើក កម្ពស់ ការបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមឱ្យបានសកម្ម ស្រុះដៃគ្នាជាប់ជាប្រចាំតាមមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដើម្បីបង្ការទប់ស្កាត់ឱ្យកាន់តែ មានប្រសិទ្ធភាពនូវបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើលួច ឆក់ ប្លន់ អំពើហិង្សាការជួញដូរមនុស្សគ្រប់ប្រភេទ និងបទល្មើសបច្ចេកវិទ្យា៕