(កណ្តាល)៖ កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរខេត្តកណ្ដាល បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន២ភូមិ គឺភូមិព្រែកកែវ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដែលមានចំនួន២,១៧០បណ្ណ។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោក មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្ត និងលោម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) នាឱកាសនេះ លោក ហាក់ សុខមករា បានកោតសរសើរក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំសម្រេចកិច្ចការនេះដោយការទទួលខុសត្រូវ និងតម្លាភាព។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលបងប្អូនបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានបណ្ណកម្មសិទ្ធិនេះ គឺបានបំពេញគ្រប់លក្ខខណ្ឌជាគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លីដែលនឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេសការកាត់បន្ថយភាពក្រីក្រ ហើយបណ្ណកម្មសិទ្ធិ ដែលត្រូវចែកជូននាពេលនេះ គឺសំដៅធានាបាននូវកម្មសិទ្ធិប្រើប្រាស់ដីធ្លីស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព រួមចំណែកដល់ការពង្រឹងយុត្តិធម៌ ស្ថេរភាពសង្គមនឹងការអភិវឌ្ឍន៍ដែល ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញ។
បើតាមរបាយការណ៍របស់លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៦២ ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង៥៣៧ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥៣% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៤,៥០៥ ក្បាលដី ក្នុងនោះបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៣៨៨,៦៨៩ បណ្ណ និងចែកបណ្ណ ជូនដល់ដៃ ប្រជាពលរដ្ឋ សរុបចំនួន ២៣៣លើកស្មើនឹង ៣១៦,៧៦៤បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣៤ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិព្រែកកែវ ចំនួន១,១៦៧ ប័ណ្ណ និងភូមិកោះខែល ចំនួន ១,០០៣ បណ្ណសរុបចំនួន២,១៧០បណ្ណ៕