(ភ្នំពេញ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ច២ថ្ងៃក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ដល់១៨ ខែមេសា។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ចាប់ពីថ្ងៃទី១៧ដល់១៨ ខែមេសា ឆ្នាំ២០២៥ កម្ពុជា នឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ រយៈពេល២ថ្ងៃជាប្រវត្តិសាស្ត្រ។
ដំណើរអញ្ជើញមកដល់ក្នុងសប្តាហ៍ក្រោយ ដែលតបតាមការអញ្ជើញរបស់ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឆ្លុះបញ្ចាំងនូវពេលវេលាដ៏សំខាន់មួយក្នុងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រ ដ៏យូរអង្វែងរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចដ៏ស៊ីជម្រៅដែលបានបង្កើតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់នូវសម្លេងទន្ទឹងរង់ចាំសម្រាប់កិច្ចសហការយ៉ាងទូលំទូលាយរវាងប្រទេសកម្ពុជានិងចិននៅលើវិស័យជាច្រើនថែមទៀត។
*និមិត្តសញ្ញានៃសាមគ្គីភាពយូរអង្វែង
កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ក្នុងរយៈពេលជាង៦ទសវត្សរ៍ ទំនាក់ទំនងនេះកាន់តែស៊ីជម្រៅនិងរីកចម្រើនជាលំដាប់ ដោយការគោរពគ្នាទៅវិញទៅមក ការគាំទ្រផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការប្តូរផ្តាច់រឹងមាំដូចដែកថែប។ ចាប់តាំងពីឆ្នាំ២០១០នោះមក ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតនៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងការបើកផ្លូវឱ្យកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកប្រធានាធិបតី Xi Jinping កំពុងឆ្លុះបញ្ចាំងនូវប្រពៃណីនៃដំណើរទស្សនកិច្ចផ្លាស់ប្តូររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងជាសក្ខីភាពមួយចំពោះ «មិត្តភាពដែកថែប» ដែលកម្ពុជា និងចិនតែងលើកយកមកពណ៌នាប្រៀបធៀបមិនដែលខកខានឡើយ អំពីទំនាក់ទំនងប្តូរផ្តាច់ទ្វេភាគីដែលមិនអាចបំបែកបានឡើយ។
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោកប្រធានាធិបតីចិន នាសប្តាហ៍ក្រោយរួមមានការចូលគាល់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នៅព្រះបរមរាជវាំង, ការជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
*ដំណើរទស្សនកិច្ចខែមេសានៅចំពេលវេលារីករាយនៃឆ្នាំថ្មី
ដំណើរទស្សនកិច្ចនៅចំខែមេសានេះ គឺជាដំណើរដែលបានគ្រោងទុកជាយូរជាពិសេសនៅ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃបានបញ្ចប់ភ្លាមៗ។ តាមពិតរវាងពីថ្ងៃទី១៤ដល់១៦ ខែមេសា កម្ពុជាមិនត្រឹមតែរីករាយជាមួយនឹងភាពសប្បាយរបស់ខ្លួនយ៉ាងអធិកអធមក្នុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលបន្ថែមជាអត្ថន័យនូវអារម្មណ៍ ឱ្យកាន់តែសប្បាយរីករាយថែមទៀតនោះ គឺការស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ដែលដូចជាការនាំមកនូវជោគជ័យ និងលាភសំណាងសម្រាប់ប្រទេសកម្ពុជាក្នុងពេលបើកទំព័រថ្មី នៃឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៨។ យោងតាមជំនឿរបស់កម្ពុជា ឆ្នាំថ្មីនៃការជួបជុំគ្រួសារ គឺជាពេលវេលានៃអ្វី ដែលគេនឹងរំពឹងការទទួលបានថ្មី និងជាមោទនភាពថ្មីរបស់ខ្មែរ។
ដូច្នេះក្នុងបរិយាកាសបើកទំព័រថ្មីនៃឆ្នាំម្សាញ់ចូលមកដល់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង គឺនឹងក្លាយជាភ្ញៀវមហាកិត្តិយសដែលជានិមិត្តរូបនាំនូវមហាសំណាង, ក្តីសង្ឃឹម និងជាពរជ័យបវរសួស្ដី ជូនទៅដល់ក្រុមគ្រួសារខ្មែរទូទាំងប្រទេស។ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង គឺជាការឆ្លុះបញ្ចាំងពីការចាប់ផ្តើមថ្មីនៅក្នុងប្រតិទិនការទូត និងជាសញ្ញាថា កម្ពុជា ដែលកំពុងឈានជើងចូលឆ្នាំថ្មីរបស់ខ្លួន នឹងកាន់តែទទួលបានការពង្រឹងសម្ព័ន្ធភាព និងមិត្តភាពអន្តរជាតិកាន់តែកក់ក្តៅ។
*ចក្ខុវិស័យនៃអនាគតរួមគ្នា៖ ផ្លូវ និងខ្សែក្រវាត់ ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ
ចំណុចសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនក្នុងសប្តាហ៍ក្រោយនេះ ត្រូវបានគេរំពឹងថា ក៏ជាផ្នែកមួយនៃភាពប្តេជ្ញាបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ ៥ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាក្របខ័ណ្ឌគោលនយោបាយប្រកបដោយមហិច្ឆិតា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដើម្បីការដឹកនាំប្រទេសជាតិឈានដល់ភាពកាន់តែរុងរឿងនាអនាគត។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងជំនួបមួយជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែតុលា ឆ្នាំ២០២៣ បានថ្លែងថា៖ «ចិនបានត្រៀមខ្លួនរួច ជាស្រេចក្នុងការជួយជំរុញការបន្ស៊ី គ្នារវាងគំរោងផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ចិនជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងអនុញ្ញាតឱ្យការអភិវឌ្ឍរបស់ប្រទេសចិននាំមកនូវភាគលាភជាបន្ថែមទៀតដល់ប្រជាជនកម្ពុជា»។
ក្នុងចំណោមលទ្ធផលជាក់ស្តែងបំផុតនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ BRI, មហាវិថី Xi Jinping មួយខ្សែប្រវែង ៥៣គីឡូម៉ែត្រ ត្រូវបានបង្កើតឡើងនិងមហាវិថីដែលដាក់ឈ្មោះលោកប្រធានាធិបតីចិន ក្រោមហិរញ្ញប្បទាន២៧៣លានដុល្លារពីប្រទេសចិននោះ ត្រូវបានសម្ពោធកាលពីខែសីហា ឆ្នាំ២០២៣។ ដោយឡែកកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ BRI ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ស៊ី ជីនពីង បានបង្កើតសមិទ្ធផលដទៃជាច្រើនគួរឱ្យកត់សម្គាល់ផងដែរនៅក្នុងប្រទេសកម្ពុជា គឺស្ពានមិត្តភាពកម្ពុជា-ចិន ដូចជាស្ពានចាក់អង្រែក្រោមព្រែកប្រា, ស្ពានស្ទឹងសែន, ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនី ដូចជារោងចក្រវារីអគ្គីសនីទី២ទន្លេសេសាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលកិច្ចព្រមព្រៀងទាំងនេះ សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់កំណើនពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរកម្ពុជានិងចិនថែមទៀត។
ជាងនេះទៅទៀត ប្រទេសទាំងពីរកម្ពុជានិងចិន កំពុងអនុវត្តផែនការសកម្មភាពរួមគ្នាសម្រាប់ការកសាងសហគមន៍កម្ពុជា-ចិនជាមួយនឹងអនាគតរួមគ្នា (២០២៤-២០២៨) ដែលជាក្របខណ្ឌដែលជំរុញឱ្យមានការចូលរួមកាន់តែស៊ីជម្រៅក្នុងវិស័យដូចជា ការអប់រំ សុខាភិបាល សេដ្ឋកិច្ចឌីជីថល ទេសចរណ៍ កសិកម្ម និងវិស័យការពារជាតិ។ ការចាត់តាំងឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជនទៅប្រជាជនកន្លងមកនេះ គឺជាអ្វីនៃបំណងប្រាថ្នារបស់ប្រជាជាតិ ទាំង២ ក្នុងការកសាងទំនាក់ទំនងវប្បធម៌ និងសង្គមកាន់តែជិតស្និទ្ធ លើសពីក្របខ័ណ្ឌសេដ្ឋកិច្ចនិងនយោបាយប្រពៃណី។
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលមកដល់សប្តាហ៍ក្រោយនេះ ទន្ទឹមនឹងទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានឈានដល់កម្រិតខ្ពស់មិនធ្លាប់មាន។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១៥.១៩ពាន់លានដុល្លារ កើនឡើង ២៣.៨% ធៀបនឹងឆ្នាំមុន។ ទំហំនេះស្មើនឹងជិត៣០% នៃពាណិជ្ជកម្មសរុបរបស់កម្ពុជា ដែលធ្វើឱ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មលេខមួយរបស់ព្រះរាជាណាចក្រកម្ពុជា។ ការនាំចេញរបស់កម្ពុជាទៅប្រទេសចិនបានកើនដល់ ១.៧៥ពាន់លានដុល្លារ ខណៈការនាំចូលពីប្រទេសចិនបានកើនឡើងដល់ ១៣.៤៤ពាន់លានដុល្លារ។
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping ក៏បង្ហាញនូវសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយផងដែរ។ នៅពេលដែលភាពមិនប្រាកដប្រជាជាសាកល និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងឥណ្ឌូប៉ាស៊ីហ្វិកកាន់តែមានឥទ្ធិពលខ្លាំង កម្ពុជានៅតែបន្តអនុវត្តគោលនយោបាយការបរទេស នៃការចូលរួមដោយសន្តិវិធី ការមិនចូលបក្សសម្ព័ន្ធនិងការធ្វើពិពិធកម្មយុទ្ធសាស្ត្រ។ ប៉ុន្តែមិត្តភាពរបស់កម្ពុជាជាមួយចិន គឺនៅតែជាយុថ្កាការទូតដ៏សំខាន់បំផុតមួយរបស់ខ្លួន។ ដំណើរទស្សនកិច្ចនេះបានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់កម្ពុជាចំពោះប្រទេសចិន ជាពិសេសនៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងក្របខ័ណ្ឌការតភ្ជាប់ក្នុងតំបន់។
តាមរយៈគំនិតផ្តួចផ្តើមដូចជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការគាំទ្រសម្រាប់របៀបវារៈនៃការអភិវឌ្ឍរបស់កម្ពុជា ប្រទេសចិនកំពុងជួយធ្វើសមាហរណកម្មព្រះរាជាណាចក្រកាន់តែជិតស្និទ្ធទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងបណ្តាញភ័ស្តុភារទន្ទឹមនឹងនោះក៏ធានាថាកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ និងភាពធន់នឹងសេដ្ឋកិច្ច នៅចំពេលដែលពិភពលោកកំពុងមានកង្វល់ការកើនឡើងនូវលទ្ធិគាំពារនិយមជាសកល។
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននាពេលខាងមុខនេះ ត្រូវបានគេរំពឹងថានឹងផ្តល់នូវកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ សំខាន់ជាងនេះទៅទៀត ដំណើរទស្សនកិច្ចនោះ ក៏ជាការផ្ញើសារដ៏មានអានុភាពទៅកាន់ពិភពលោកថា ទំនាក់ទំនងកម្ពុជា-ចិន មិនមែនគ្រាន់តែរឹងមាំដូចដែកថែបប៉ុណ្ណោះទេ ទំនាក់ទំនងរវាងកម្ពុជានិងចិន កំពុងវិវឌ្ឍន៍កាន់តែពង្រីក និងកាន់តែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង៕