(រតនគិរី)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំបូកសរុបរបាយការណ៍ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាស២ ឆ្នាំ២០២៥ ផ្សព្វផ្សាយផែនការការពារបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន.អនុប្រធានមន្ទីរ នាយ.នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ស្នាក់ការសន្តិសុខ និងកម្លាំងកងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន នាយទាហានរងជាច្រើនរូបទៀតផងដែរ។

ជាមួយគ្នានេះ ក៏ប្រកាសតែងតាំងមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តចំនួន៣០រូប ក្នុងនោះមាន៖ បំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ទោចំនួន ០១រូប, អនុសេនីយ៍ត្រីចំនួន ០៣រូប, នាយចំណង់ចំនួន ១៣រូប, ព្រិន្ទបាលឯកចំនួន ០១រូប, តែងតាំងមុខតំណែង និងផ្ទេរភារកិថ្ចចំនួន ១២រូប។

នាឱកាសនោះលោកឧត្តមសេនីយត្រី សោ សាវឿន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបាននូវសុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ភារកិច្ចផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើរនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ ប្រកបដោយឆន្ទៈ មនសិកាខ្ពស់ក្នុងកិច្ចការងារកាពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាបធ្នាប់ ជូនពលរដ្ឋដោយមិនខ្លាចនឿយហត់ និងទទួលបានការនូវការដំឡើងឋាន្តរស័ក្តិ ជាការឆ្លើយតបទៅនឹងការបំពេញតួនាទីភារកិច្ចនេះ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជាដល់គ្រប់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ទាំងអស់ ក្នុងឱកាសប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះត្រូវរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនាពេលខាងមុខនេះឱ្យបានល្អប្រសរសើរប្រកបដោយទំនួលខុសត្រូវខ្ពស់៕