(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកង​យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី ព្រមទាំងមេបញ្ជាការរង និងភរិយា នាយទាហាន នាយទាហាន​រង និងពលទាហាន​កងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២៥នេះ បានរៀបចំពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរី​មង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។

បញ្ជាការដ្ឋានកងទ័ពជើងអាកាសបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃ​ណី​ជាតិខ្មែរជារៀងរាល់ឆ្នាំ ដោយមានពិធីរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ តាមគន្លងប្រពៃណី ព្រមទាំង​សូត្រមន្តចម្រើន​ព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀម​ទទួល​​ស្វាគមន៍ដំណើរយាងចុះមកថែរក្សាមនុស្សលោក​របស់ទេវតា​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់ ព្រះនាមគោរាគៈទេវី ដែលជាព្រះបុត្រីទី២ របស់កបិល​មហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤៖៤៨នាទីទៀបភ្លឺ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ពិធីនាព្រឹកមិញនេះ មានការនិមន្តព្រះសង្ឃសូត្រមន្តចំនួន ២៥អង្គ និង​ដូនជី បង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងសូត្រមន្តចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងពិធីនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានសម្តែងនូវសេច​ក្តីរី​ក​រាយ និងថ្លែងអំណរគុណ ចំពោះសាមគ្គីភាពជាធ្លុងមួយរវាង​មេ​បញ្ជា​ការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជា​ការដ្ឋានកងទ័ពជើងអាកាស ក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ ហើយ​ដែលស្តែងចេញតាមរយៈនៃការអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បង្សុ​កូល ឧទ្ទិសកុសលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នាវេលាដ៏ត្រចះត្រចង់នេះ។

បន្ទាប់ពីពិធីសូត្រមន្ត រាប់បាត្ររួចមក នាយទាហាន នាយទាហានរង និងពលទាហាន បានអញ្ជើញជូនពរនាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រី អ៊ូ សិទ្ធិរី ក្រោមបរិយាកាសសប្បាយរីករាយ៕