(ភ្នំពេញ)៖ មានប្រសាសន៍ទៅកាន់កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ (Universal Peace Federation World Summit 2025 ) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា«សន្តិភាពគឺពិបាកក្នុងការកសាង ហើយរឹតតែពិបាកក្នុងការថែរក្សា និងធានានិរន្តភាព» និងបានគូសបញ្ជាក់បន្ថែមទៀតថា សន្តិភាពដែលស្ថិតស្ថេរយូរអង្វែងត្រូវតែ មានការចូលរួមជជែកពិភាក្សា និងធានានូវនិរន្តរភាព។ សម្តេចប្រធារដ្ឋសភា ក៏បានលើកទឹកចត្តិឱ្យមានការតស៊ូមតិសម្រាប់ពហុភាគីនិយម ដោយផ្អែកលើការជឿទុកចិត្ត និងផ្អែកលើលទ្ធផលដោយផ្អែកលើច្បាប់អន្តរជាតិ និងអភិបាលកិច្ចសកលប្រកបដោយបរិយាបន្ន ដោយវាផ្ទុយទៅនឹងល្បែងដែលគ្មានអ្នកឈ្នះ ដែលផ្តល់អាទិភាពដល់អត្ថប្រយោជន៍ឯកតោភាគី ជាជាងលើសុខុមាលភាពសមូហភាព។
ក្នុងកិច្ចប្រជុំក្រោមប្រធានបទ «បញ្ហាប្រឈមកក្នុងពេលបច្ចុប្បន្នចំពោះសណ្តាប់ធ្នាប់ពិភពលោក៖ ការបង្កើតយុគសម័យថ្មីនៃសន្តិភាព និងវិបុលភាព» សម្តេចបានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះថាបានប្រារព្ធឡើងស្របពេលដែលពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងភាពស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស និងគ្រោះថ្នាក់។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថា សណ្តាប់ធ្នាប់អន្តរជាតិបច្ចុប្បន្នកំពុងស្ថិតក្រោមភាពតានតឹង និងការរំខានដែលមិនធ្លាប់មានពីមុនមក ដែលការនេះបានស្តែងឱ្យឃើញតាមរយៈនៃឱនភាពនៃការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងការចុះខ្សោយនៃពហុភាគីនិយម។ ពិភពលោកគឺស្ថិតនៅចំណុចរបត់មួយ ប្រកបដោយភាពងាយរងគ្រោះ មិនច្បាស់លាស់ ស្មុគស្មាញ និងស្រពិចស្រពិល គួបផ្សំជាមួយនឹងការកើនឡើងនៃភូមិសាស្ត្រនយោបាយ និងការបែងខ្ញែកសេដ្ឋកិច្ច។
សម្តេចប្រធានរដ្ឋសភាបានចង្អុលបង្ហាញថា ការធ្លាក់ចុះនៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់បង្ហាញពីការគំរាមកំហែងដែលមានស្រាប់ចំពោះសន្តិភាព និងសន្តិសុខពិភពលោក។ បញ្ហាប្រឈមដូចជា ឱនភាពនៃការជឿទុកចិត្តជាយុទ្ធសាស្ត្រ ការកាត់ផ្តាច់សេដ្ឋកិច្ច ជម្លោះអូសបន្លាយ ការរំខានផ្នែកបច្ចេកវិទ្យា ការរិចរិលបរិស្ថាន និងវិបត្តិអាកាសធាតុកាន់តែអាក្រក់ ដែលទាំងនេះទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់ មានការសម្របសម្រួល និងការឆ្លើយតបដោយវិធានចម្រុះ។
សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា «យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ»។
មានប្រសាសន៍ក្នុងកិច្ចប្រជុំអន្តរជាតិនេះ សម្តេចប្រធានរដ្ឋសភា ក៏បានបានធ្វើការឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានឆ្លងកាត់នូវសង្រ្គាមជាច្រើនទស្សវត្សរ៍ ដោយបានចែករំលែកការយល់ដឹងដ៏មានតម្លៃក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិក្រោយជម្លោះ។ ដំណើរផ្លូវដ៏វែងឆ្ងាយរបស់កម្ពុជា ពីសង្គ្រាមស៊ីវិល ឆ្ពោះទៅការផ្សះផ្សាជាតិ ការស្តារសេដ្ឋកិច្ចឡើងវិញ និងការធ្វើសមាហរណកម្មអន្តរជាតិ បានផ្តល់ជាមេរៀនអប់រំដល់ប្រជាជាតិដទៃទៀតដែលកំពុងប្រឈមមុខនឹងអស្ថិរភាពនេះ។ សម្តេចបានគូសបញ្ជាក់ថាដើម្បីរក្សាសន្តិភាព និងស្ថិរភាព កម្ពុជាកំពុងអនុវត្តវិធានការទប់ស្កាត់ភាពជ្រុលនិយម ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងការអត់ឱន។ សម្តេចរដ្ឋសភាធិបតី បានថ្លែងថា៖ «ការប្រឆាំងនឹងអំពើជ្រុលនិយមដោយហិង្សាគឺមិនគ្រប់គ្រាន់ទេ យើងត្រូវតែទប់ស្កាត់វាជាមុន»។
ប្រធានរដ្ឋភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបអន្តរជាតិថា រដ្ឋសភាកម្ពុជាកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្មក្នុងគោលបំណងសន្តិភាព ការអត់ឱន និងវិបុលភាព តាមរយៈទំនាក់ទំនងការទូតសភាដ៏រឹងមាំ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីមុខងារសំខាន់ៗរបស់សភា ក្នុងការតាក់តែងច្បាប់ ការត្រួតពិនិត្យ និងតំណាង ដោយកត់សម្គាល់ថា ទំនាក់ទំនងការទូតរបស់សភាបានលេចចេញជាសសរស្តម្ភបន្ថែមដ៏សំខាន់របស់សភាកម្ពុជា។
សម្តេចបានបញ្ចប់សុន្ទរកថា ដោយគូសបញ្ជាក់ថា៖ «ក្នុងនាមជាតំណាងប្រជាពលរដ្ឋ សមាជិកសភាជាប់ឆ្នោតមានកាតព្វកិច្ចរក្សាផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងសន្តិភាព និងវិបុលភាព»។ សម្តេចបានសង្កត់ធ្ងន់ថា សន្តិសុខ និងវិបុលភាពមានទំនាក់ទំនងគ្នាយ៉ាងពិតប្រាកដ ដោយអះអាងដោយមោទនភាពថា កម្ពុជាបានប្រែក្លាយពីតំបន់សង្រ្គាម ទៅជាប្រទេសជោគជ័យក្រោយវិវាទ លើវិថីឆ្ពោះទៅសម្រេចបាននូវឋានៈមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕