(រ៉ូម)៖ លោកឯកអគ្គរាជទូត លុយ ដាវីត បានប្រគល់សារតាំងជាផ្លូវការ ដែលតែងតាំងលោកជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអ៉ីតាលី ជូនចំពោះលោក Sergio Mattarella ប្រធានាធិបតី សាធារណរដ្ឋអ៉ីតាលី នៅវិមាន Quirinale ទីក្រុងរ៉ូម។

នាឱកាសដ៏សំខាន់នេះ គឺនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោកឯកអគ្គរាជទូត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោកប្រធានាធិបតី និងប្រជាជនអ៉ីតាលី របស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរាជទូត បានស្នើទៅភាគីអ៉ីតាលី ជួយជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនអ៉ីតាលីមកវិនិយោគនៅកម្ពុជា នៅក្នុងវិស័យគន្លឹះមួយចំនួន ដូចជា កសិកម្ម កម្មន្តសាល ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះកម្ពុជា ថ្មីត្បិតជាទីផ្សារតូចក៏ពិតមែន ប៉ុន្តែ ជាច្រកចូលជាយុទ្ធសាស្រ្តដ៏សំខាន់ទៅក្នុងទីផ្សារអាស៊ាន។

ជាការឆ្លើយតប លោកប្រធានាធិបតី បានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីល្អរវាងអ៊ីតាលី និងកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វប្បធម៌ និងការអភិរក្សប្រាសាទបុរាណខ្មែរ។

នៅក្នុងអំឡុងពេលទស្សនកិច្ចនៅអ៉ីតាលី លោក លុយ ដាវីត បានជួបជាមួយលោកស្រី Alessandra Schiavo អគ្គនាយិការងកិច្ចការសកល និងជាជានាយិកាទទួលបន្ទុកប្រទេសអាស៊ី និងអូសេអានីនៃក្រសួងការបរទេសអ៉ីតាលី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអ៉ីតាលី ដែលបានរួមចំណែកក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាក្រោយសង្គ្រាម ផ្តល់ជំនួយតាមរយៈគម្រោងនានានៅក្នុងវិស័យអភិរក្សប្រាសាទបុរាណ និងការបណ្តុះបណ្តាល និងផ្តល់ជំនួយជាវ៉ាក់សាំង AstraZeneca នៅក្នុងអំឡុង ពេលវិបត្តិជំងឺកូវីដ១៩ ដែលបានអនុញ្ញាតឱ្យប្រទេសកម្ពុជា មានការគ្រប់គ្រងបានយ៉ាងល្អប្រសើរ លើការរីករាលដាលជំងឺឆ្លងនេះ។

នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានលើកឡើងអំពីគម្រោងបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

នៅក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្ន ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់ដែលត្រូវពង្រឹងការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថ្មីៗទៀត ដែលពោរពេញដោយសក្តានុពល ។

នៅចុងបញ្ចប់ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម។

លោកស្រី  Alessandra Schiavo បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា នៅពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅមីយ៉ាន់ម៉ា និងជាពិសេស ដោះស្រាយបញ្ហាទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា៕