(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានគោរពឆ្លើយតប និងថ្លែងអំណរគុណ ជូនចំពោះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចេញលិខិតថ្លែងអំណរគុណ ចំពោះរូបលោក ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានគាំទ្រ និងចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ម្សិលមិញ។

លោកក៏សូមប្តេជ្ញាចិត្ត នឹងឱ្យទឹកដីខេត្តពោធិ៍សាត់គ្មានសំរាម និងស្រស់ស្អាត ឈានទៅមុខជាលំដាប់ ជាពិសេសស្របតាមផែនការដែលបានដាក់ចេញ ក្នុងឆ្នាំ២០២៦ ខេត្តពោធិ៍សាត់ទាំងមូល ដាច់ខាតគឺគ្មានសំរាម។

ក្នុងលិខិតថ្លែងអំណរគុណនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះលោកអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានគាំទ្រ និងចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលឈរលើសសរស្តម្ភចំនួនបីគឺ៖ «ភាពស្អាត ភាពបៃតង និងចីរភាព»។

ស្តែងចេញពីឆន្ទៈ និងការចូលរួមយ៉ាងផុសផុល ចេញពីបេះដូងរបស់លោកអភិបាល ដែលបានដាក់ចេញនូវបទបញ្ជា «មានសំរាម អត់អភិបាលស្រុក, មានអភិបាលស្រុក អត់សំរាម, មានសំរាមអត់មេឃុំ, មានមេឃុំ អត់សំរាម» ដើម្បីឱ្យទឹកដី ខេត្តពោធិ៍សាត់គ្មានសំរាម និងស្រស់ស្អាត គឺជាការប្តេជ្ញាចិត្តខ្ពស់មួយ របស់លោកអភិបាល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ សោភណភាព និងអនាម័យ សម្រាប់ការរស់នៅ ដោយរួមគ្នាសម្អាតផ្ទះរបស់យើង ប្រទេសយើង ដើម្បីសង្គមជាតិមួយស្អាត និងនាំទៅដល់ប្រទេសកម្ពុជាស្អាតនាពេលអនាគត ដ៏ខ្លីខាងមុខ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ គ្រឹស្តសករាជ២០២៥ លោករដ្ឋមន្ត្រីសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនលោកអភិបាល និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ៖អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕