(កែប)៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥ របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកអភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ ភូមិ និងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញ។

នាឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប ដែលតែងតែយកចិត្តទុកដាក់អនុវត្ត និងយកចិត្តទុកដាក់លើកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយដែលកើតឡើងជាយថាហេតុ។

លោកទេសរដ្ឋមន្ដ្រី បានបន្ដថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។

រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញឲ្យប្រើប្រាស់ផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ សម្រាប់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រសួងស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ សហការរួមគ្នាក្នុងការអនុវត្តដោយផ្តោតលើយុទ្ធសាស្ត្រអាទិភាពធំៗចំនួន៤ គឺ១៖ ការយល់ដឹងអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ, ២៖ ការពង្រឹងអភិបាលកិច្ច ដើម្បីគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ, ៣៖ ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយសម្រាប់ភាពធន់ និង៤៖ ការបង្កើនការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយ សម្រាប់ប្រសិទ្ធភាពនៃការឆ្លើយតបក្នុងការស្តារឡើងវិញ ការធ្វើឲ្យមានប្រក្រតីភាព និងការកសាងឡើងវិញ។

ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប ត្រូវរៀបចំផែនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ។ លោកបានផ្តល់នូវអនុសាស្រ្ត ជំរុញឲ្យថ្នាក់ក្រោមជាតិបន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវប្រាំងនេះ ថ្នាក់ខេត្តត្រូវធ្វើការពង្រឹងទួលសុវត្ថិភាព ការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់បន្ថយបានហានិភ័យ៕