(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្ត ប្រោះព្រហ្ម រាប់បាត្រ និងសំណេះសំណាលជាមួយមន្ត្រីរាជការ ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី សុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ជួយដល់លោក លោកស្រី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋខេត្ត ទទួលបានជោគជ័យនៅគ្រប់ភារកិច្ច។
ពិធីនេះដែរ ក្រោមវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំង លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តជាច្រើនផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក លី សំរិទ្ធ និងលោក ប្រាក់ សោភ័ណ បានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្ត និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមានការនឿយហត់បំពេញភារកិច្ចការងាររបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំមក។ ដូច្នេះត្រូវអរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកបន្តថា ពីការអភិរក្ស អភិវឌ្ឍន៍របស់ខេត្ត និងការរៀបចំសោភ័ណ្ឌភាពក្រុងប្រវតិ្តសាស្ត្រ ឲ្យមានភាពស្រស់ត្រកាលនាពេលរាត្រីទៅតាមដងផ្លូវវិថីនានាក្នុងក្រុង ក្នុងការស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួម ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោកក៏បានបួងសួងសូមឲ្យបារមីដ៏ស័ក្តសិទ្ធិ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបរុសកុលបុត្រខ្មែរដ៏ឆ្នើម និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ និងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងទទួលបានជោគជ័យនៅឆ្នាំថ្មី។
ព្រមទាំងបានឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ សប្តស័ក ដែលមានទេវតាព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម នឹងយាងចូលមកដល់នៅ វេលាម៉ោង០៤និង ៤៨នាទីទៀបភ្លឺ ថ្ងៃចន្ទ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្ត។
ក្នុងឱកាសនោះ ក៏មានការនិមន្តព្រះសង្ឃ ៥៦អង្គ និងសីលវ័ន្តសីសវតី ធ្វើពិធីរាប់បាត្រ ដើមី្បឧទ្ទិសកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិកាទាំងប្រាំពីរសណ្តាន បុព្វការីជន និងកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនដែលបានស្លាប់ដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ជាមួយគ្នានេះ ក៏មានការសម្តែងនូវរបាំត្រុដិ ដើមី្បធ្វើការបណ្តេញចេញនូវឧបឌ្រុបចង្រៃឆ្នាំចាស់ និងទទួលយកនូវពរជ័យសិរីមង្គលឆ្នាំថ្មី ជូនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្តបំពេញការងារភារកិច្ចឆ្នាំថ្មី ឲ្យបានទទួលជោគជ័យផងដែរ៕