(អាមេរិក)៖ នៅសប្តាហ៍នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញធ្វើដំណើរបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ក្រោមការដឹកនាំរបស់លោក ប៉ូ
នៅសប្តាហ៍នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញធ្វើដំណើរបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ក្រោមការដឹកនាំរបស់លោក ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ និងមានការអមដំណើរដោយថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត។
ក្រៅពីការចូលរួមសម័យប្រជុំលើកទី៥៨ របស់គណៈកម្មាការទទួលបន្ទុកកិច្ចការប្រជាជន និងអភិវឌ្ឍន៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក, លោក សោម ពិសិដ្ឋ និងលោក ថង សាវុន ត្រូវបានបងប្អូនខ្មែររស់នៅ ទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ក្រោមការដឹកនាំដោយលោក ឡេង ចាន់ដារ៉ា, លោក ម៉ក់ ហឿន និងភរិយា បានអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមជួបសំណេះសំណាល និងពិសារបាយសាមគ្គី ក្រោមភាពស្និតស្នាលបង្ហាញថា យើងខ្មែរតែមួយ មានបេះដូងដូចគ្នា ទោះទៅដល់ទីណាក៏ដោយ ប៉ុន្តែមិនភ្លេចទឹកដីកំណើត និងនឹករលឹកបងប្អូនខ្មែរនៅក្នុងស្រុកនោះទេ។
នៅពេលចូលរួមនៅក្នុងពិធីនោះទាំងលោក សោម ពិសិដ្ឋ និងលោក ថង សាវុន សូមថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់លោកពូ ម៉ក់ ហឿន និងភរិយា ព្រមទាំងបងប្អូនខ្មែរទាំងអស់។
បងប្អូនខ្មែរទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី បានអញ្ជើញអភិបាលខេត្តទាំង២ ផ្តល់ការចែករំលែកនូវសក្តានុពលនៅខេត្តកែប និងខេត្តមណ្ឌលគីរី ដែលជាខេត្តទេសចរណ៍ល្បាញល្បី ក្រោមការដឹកនាំ និងអភិវឌ្ឍន៍ដោយសម្តេចតជោ ហ៊ុន សែន និងសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅចំពោះមុខបងប្អូន, លោក សោម ពិសិដ្ឋ និងលោក ថង សាវុន បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកទាំង២ បានគូសបញ្ជាក់ពី ស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលធ្វើឲ្យសង្គមជាតិទាំងមូលមានសន្តិភាពពេញលេញទូទាំងប្រទេស ហើយប្រជាជនរស់នៅដោយសុខដុមរមនា មិនដូចការលើកឡើង គ្មានមូលដ្ឋាន និងការមូលបង្កាច់របស់ក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅស្រុកនោះទេ។
ក្នុងនាមឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត, អភិបាលខេត្តទាំង២ សូមអញ្ជើញឲ្យបងប្អូនប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ធ្វើដំណើរទៅលេងមាតុភូមិ ដើម្បីបានដឹង និងបានមើលឃើញពីស្ថានភាពពិតនៃស្រុកទេស តើដូចទៅនឹងការភូតកុហុករបស់ក្រុមប្រឆាំងដែរឬយ៉ាងណា?
លោកទាំង២ ក៏បានរំលេចជូនបងប្អូនប្រជាពលរដ្ឋពីការដឹកនាំប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលកំពុងនាំសង្គមជាតិឆ្ពោះទៅកាន់ការរីកចំរើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដាក់ចេញគោល នយោបាយយ៉ាងមុតស្រួច និងច្បាស់លាស់សំដៅជួយជំរុញជីវភាពប្រជាពលរដ្ឋនៅក្នុងប្រទេសកាន់តែធូរធារ និងប្រសើរឡើង។
នៅក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ និងលោក ថង សាវុន ក៏បានចូលរួមឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ដំណើរការកម្មវិធីផងដែរ។
ក្នុងឱកាសបំពេញបេសកកម្មប្រជុំនៅអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកផងនោះ លោក សោម ពិសិដ្ឋ និងលោក ថង សាវុន ក៏អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក នៅស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕