(កំពង់ចាម, ត្បូងឃ្មុំ)៖ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ជាចំណងដៃដ៏ពិសិដ្ឋដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនអ្នកខេត្តកំពង់ចាម និងត្បូងឃ្មុំ ជាពិសេសអ្នកស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ, នៅពេលនេះចំណងដៃថ្មីមួយទៀត គឺផ្លូវជាតិលេខ៧១សេ ដែលចាប់ផ្តើមសាងសង់ក្នុងដំណាក់កាលសម្តេចតេជោដឹកនាំ ក៏ត្រូវបានសាងសង់រួចរាល់ក្លាយជាចំណងមរតកដ៏មានគុណតម្លៃបំផុតសម្រាប់ពលរដ្ឋខេត្តត្បូងឃ្មុំ និងកំពង់ចាម។
ផ្លូវជាតិលេខ៧១សេ បានដាក់ឱ្យពលរដ្ឋធ្វើដំណើរតាំងពីឆ្នាំ២០២៤មកម្ល៉េះ តែពិធីសម្ពោធផ្លូវការទើបនឹងធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម តម្លៃ១៣៣លានដុល្លារ៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ពាន និងផ្លូវលើទឹកដីស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច ព្រោះជាសមិទ្ធផលភ្ជាប់និស្ស័យទឹកដីស្រុកកំណើតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងក្តីរីករាយ និងសាទរចំពោះចំពោះពលរដ្ឋនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលទទួលបានសមិទ្ធផលថ្មី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យដាក់ភ្លើងចរាចរណ៍ និងអំពូលភ្លើងនៅគល់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនៅតែបន្តកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំពឹងថា ផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀត មកកាន់តំបន់នេះ និងជួយផ្តល់ការងារជូនប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវជាតិ៧១សេ ក៏បានជួយសម្រួលការធ្វើដំណើរ និងទាក់ទាញវិស័យទេសចរណ៍ផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិត្តចិន ជាមិត្តមិនអាចខ្វះបានរបស់កម្ពុជា ដែលបានរួមចំណែកជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសប្រព័ន្ធគមនាគមន៍ផ្លូវ និងស្ពាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចិន បានជួយសង់ផ្លូវ និងស្ពាននៅកម្ពុជា គិតជាប្រាក់ប្រមាណ ៣ពាន់លានដុល្លារ។
* ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន គ្មានអ្វីប្រែប្រួលនោះទេ។ តាមរយៈសមិទ្ធផលជាច្រើនរួមមានផ្លូវ និងស្ពាន ព្រមទាំងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន បង្ហាញច្បាស់ពីចំណងទំនាក់ទំនងរឹងមាំរវាងកម្ពុជា-ចិន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងចិន នៅតែជាមិត្តល្អ នៅតែជាមិត្តដែលគោរពសិទ្ធិ និងអធិបតេយ្យជាតិនៃប្រទេសទាំងពីរទៅវិញទៅមក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនខ្វល់គេអត្ថាធិប្បាយយ៉ាងណានោះឡើយ សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងចិន ប៉ុន្តែតាមរយៈសមិទ្ធផល និងការផ្លាស់ប្តូរមេដឹកនាំប្រទេសទាំងពីរ គឺបង្ហាញច្បាស់នូវទំនាក់ទំនងកម្ពុជា-ចិន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលរបស់ជាតិ គឺជាសមិទ្ធផលកើតចេញពីក្រសួងស្ថាប័ន ឃុំស្រុក និងសហគមន៍នីមួយៗ ជាពិសេសពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំថ្មីរាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងកសាងប្រទេសជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានបង្រឹងប្រែងកសាងប្រទេស និងពង្រាយផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ មិនមែនប្រមូលផលពីប្រជាពលរដ្ឋនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត ដោយសម្រេចបាននូវសមិទ្ធផលផ្លូវ-ស្ពានជាច្រើននាពេលកន្លងមក ជាពិសេសក្នុងរយៈពេលជាង ១ឆ្នាំ នៃដើមអាណត្តិទី៧នេះ រួមទាំងបានកំណត់នូវចក្ខុវិស័យច្បាស់លាស់ ក្នុងការលើកកម្ពស់ការ តភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យ មានគុណភាព, សុវត្ថិភាព, ចីរភាព, ភាពធន់ និង បរិយាបន្ន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តជំរុញការសិក្សា និងរៀបចំយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាបន្ថែមទៀត ជាមួយបណ្តាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជាផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក និងកំពង់ផែ ដោយផ្តោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម តំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ និងតំបន់សមុទ្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាបន្ថែមក្នុងការកសាងផ្លូវដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងសិក្សាសាងសង់ផ្លូវធ្វើដំណើរត្រង់ពីរវាងក្រចេះ និងត្បូងឃ្មុំ និងផ្លូវតភ្ជាប់ពីរតនគិរី មណ្ឌលគិរី ឆ្ពោះមករាជរដ្ឋាភ្នំពេញ ឱ្យកាន់តែជិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបសម្រេចសម្របសម្រួលដីប្រមាណ ៦ពាន់ហិកតានៅខេត្តស្ទឹងត្រែង ឱ្យក្រុមហ៊ុនមួយបង្កើតរោងចក្រផ្នែកសកិ-ឧស្សាហកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់បន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ចូលរួមទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ០៩៖៤០នាទី នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕