(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា បានផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ «សង្ក្រាន្ត» ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ «សង្ក្រាន្ត” ដែលប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃចន្ទ ២រោច ដល់ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន សូមចូលរួម អបអរសាទរជាមួយនឹងជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេសប្រកបដោយក្តីសោមនស្ស រីករាយ សិរីសួស្តី និងជ័យមង្គល បវរមហាប្រសើរ វិបុលសុខគ្រប់ប្រការក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ «សង្ក្រាន្ត» ក្នុងរយៈពេលបីថ្ងៃ ជាឱកាសសម្រាប់ប្រជាពលរដ្ឋយើង រួមគ្នាជម្រុះចោលឱ្យជ្រះស្រឡះ នូវអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួង ក្នុងឆ្នាំចាស់ ឆ្នាំរោង ឆស័ក ដែលបានកន្លងផុតទៅ ហើយតាំងចិត្តជាថ្មីក្នុងការប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញាចាប់ពីឆ្នាំថ្មីនេះតទៅ៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិខ្មែរ៖