(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសិក្សាសាងសង់ផ្លូវធ្វើដំណើរត្រង់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ និងផ្លូវតភ្ជាប់ពីខេត្តរតនគិរី ខេត្តមណ្ឌលគិរី ឆ្ពោះមករាជធានីភ្នំពេញឱ្យបានកាន់តែជិត ​និងផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចនិងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជាអធិបតីរួមគ្នា សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧១សេ (ត្បូងឃ្មុំ-កំពង់ចាម)។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឆ្នាំ២០២៦ យើងគ្រោងបញ្ចប់ស្ពានព្រែកប្រសព្វ ចឹងគ្រោងយើងឥលូវនេះធ្វើយ៉ាងណាឱ្យអ្នកក្រចេះជិះទៅកំពង់ធំបាន[..] ស្ពានព្រែកប្រសព្វធ្វើចប់ យើងនឹងតផ្លូវ ៦០បេ ដែលផ្លូវនេះនឹងភ្ជាប់ពីក្រចេះ ទៅកំពង់ថ្ម ខេត្តកំពង់ធំ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ទៅឆ្លងកាត់ស្ពានគីហ្សូណា ទៀតនោះទេ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អ្នកនៅតាមផ្លូវនេះទាំងអស់នឹងក្លាយ​ទៅជាប្រភពនៃតំបន់កសិកម្ម តំបន់ឧស្សាហកម្មដែលយើងអាចធ្វើបាន ដែលរាជរដ្ឋាភិបាលគ្រោងនឹងធ្វើឱ្យប្រទាក់ក្រឡាគ្នា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ទាំងផ្លូវមេថ្នាក់ជាតិ ផ្លូវនៅថ្នាក់ខេត្ត និងថ្នាក់ក្រោមជាតិ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «យើងកំពុងតែសិក្សាបន្ថែមទៀតពីខាងរតនគិរី និងមណ្ឌលគិរី តភ្ជាប់មកកុំចាំបាច់ទាល់តែមកកាត់ក្រចេះ មកកាត់ស្នូល ហើយចាក់មកត្បូងឃ្មុំ វាឆ្ងាយណាស់ យើងសិក្សាផ្លូវដែលអាចកាត់ពី រតនគិរី មណ្ឌលគិរី តាមផ្លូវគោក ភ្ជាប់ក្រចេះឡើងមកទៀត ចឹងថ្ងៃក្រោយអ្នកស្ទឹងត្រង់ចង់ទៅលេងមណ្ឌលគិរីកាន់តែជិតហើយ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺនៅតែបន្តធ្វើផ្លូវជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជួយលើកកម្ពស់សេដ្ឋកិច្ច​របស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា យើងនឹងធ្វើផ្លូវតភ្ជាប់ឱ្យបានកាន់តែច្រើននៅទូទាំងប្រទេស ដែលនេះហើយជាផែនការវែងរបស់រាជរដ្ឋាភិបាល ហើយទោះជាមិនអាចធ្វើបានភ្លាមៗក៏ដោយ គឺធ្វើម្តងបន្តិចៗ ទោះប្បីជាជំហ៊ានគីង្គក់ ក៏ដោយ គឺយើងនៅតែបន្តទៅមុខ ធ្វើផ្លូវឱ្យបានកាន់តែច្រើនដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ៕