(កំពង់ចាម)៖ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន គ្មានអ្វីប្រែប្រួលនោះទេ។ តាមរយៈសមិទ្ធផលជាច្រើនរួមមាន អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី, ផ្លូវ និងស្ពានជាច្រើន ព្រមទាំងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន គឺជាការបង្ហាញយ៉ាងច្បាស់ពីចំណងទំនាក់ទំនងរឹងមាំរវាងកម្ពុជា-ចិន។ ការណ៍ថ្លែងរបស់សម្ដេចបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ដែលមានតម្លៃ១៣៣លានដុល្លារ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ។
ការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តីបែបនេះ គឺជាការឆ្លើយតប ទៅបណ្ដាសារព័ត៌មានមួយចំនួន ដែលបានចោទប្រកាន់ដោយគ្មានមូលរដ្ឋាច្បាស់លាស់ថា ចាប់តាំងពីរដ្ឋាភិបាលនិតិកាលទី៧ ដែលដឹកនាំដោយសម្ដេចផ្ទាល់ គឺមិនមានទំនាក់ទំនងជិតស្និត ជាមួយចិន ដូចរដ្ឋាអាណត្តិមុនៗនោះឡើយ។
សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «នៅក្នុងប៉ុន្មានខែនេះ ខ្ញុំឃើញមានសារព័ត៌មានបរទេស និងអ្នកវិភាគបរទេសជាច្រើន រួមទាំងអ្នកវិភាគសញ្ជាតិខ្មែរមួយចំនួនក៏បាន ពិនិត្យ និងវាយតម្លៃទៅលើទំនាក់ទំនងកម្ពុជា-ចិន។ ដោយគាត់វាយតម្លៃដោយគាត់ផ្អែកទៅលើទិន្នន័យពីខាងណាខ្ញុំមិនច្បាស់ គាត់បានគិតថា រាជរដ្ឋាភិបាលថ្មីកម្ពុជា តាំងពីរដ្ឋាភិបាលថ្មីកម្ពុជាឡើងមក ទំនាក់ទំនងកម្ពុជា-ចិន កាន់តែធាក់ថយ មិនមានការជឿទុក្ខចិត្តគ្នា មិនមានការចូលរួមជួយដូចមុន។
ខ្ញុំមិនដឹងថាគាត់យកទិន្នន័យពីណាទេ ព្រោះនៅក្នុងពេលជាង១៧ខែនេះ សមិទ្ធផលធំៗណាស់ដែលខ្ញុំចូលរួមសម្ភោធ ទី១ព្រលានយន្តហោះខេត្តសៀមរាប ផ្លូវការវ៉ាត់ក្រុងលេខ៣ ក៏យើងបានឯកឧត្តមប្រធានាធិបតីចិន ដើម្បីបង្ហាញនូវភាពរឹងមាំ។ ការដាក់ឈ្មោះផ្លូវបង្ហាញនូវការទទួលស្គាល់នូវការចូលរួមនៃឯកឧត្តមប្រធានាធិបតី នៅក្នុងការជួយទៅដល់សេដ្ឋកិច្ចកម្ពុជា។ គេសួរថាមិចក៏ដាក់? […] ឯកឧត្តមប្រធានាធិបតី ស៊ី ជីងភីង បានចូលរួមច្រើនណាស់នៅក្នុងនាមជាដៃគូរបស់ ចិននិងកម្ពុជា បានចូលរួមច្រើន អញ្ចឹងការរៀបចំដាក់ឈ្មោះ ដើម្បីជាការថ្លលែងអំណរគុណជាការធម្មតា»។
«ខណៈការរៀបចំសម្ភោធផ្លូវនៅពេលនេះ ក៏ជាការបង្ហាញអំពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ផងដែរ។ ការសម្ភោធសមិទ្ធផលច្រើនណាស់ រួមទាំងការវិនិយោគពីចិន នៅតែឈលំដាប់ទី១ នៅឆ្នាំ២០២៤នេះ នៅក្នុងការវិនិយោគនៅកម្ពុជា។ អញ្ចឹងទំនាក់ទំនងនេះគឺមិនមានអីប្រែប្រួល ហើយយើងនឹងបន្តទៅទៀត។ កម្ពុជាពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសទាំងអស់ ហើយក្នុងនោះទំនាក់ទំនងកម្ពុជា-ចិន ក៏មិនមានអីប្រែប្រួលគឺផ្អែកទៅលើមូលដ្ឋានដែលយើងមាន ៦៧ឆ្នាំមកនេះ ហើយយើងនឹងបន្តរឹងមាំតទៅទៀត។ នៅក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តមប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅទីនេះ ក៏ជាសារបញ្ជាក់បន្ដថែមទៀតអញ្ចឹងសូមជូនព័ត៌មានបន្ថែម ទៅអស់លោកអ្នកសារព័ត៌មានអន្តរជាតិផ្សេងៗ ដែលធ្វើការវិភាគ សូមធ្វើការវិភាគតទៅទៀតចុះ អ្វីដែលជាក់ស្ដែងទំនាក់ទំនងរបស់កម្ពុជា-ចិន នៅតែបន្តរឹងមាំ និងដើរនៅលើគន្លងដែលជួយគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ការគោរពសិទ្ធិ និងការជួយគ្នា ដោយមិនលូកលាន់នៅក្នុងកិច្ចការផ្ទៃក្នុងរៀងៗខ្លួន របស់ប្រទេសនីមួយៗគឺយើង នៅបន្តហើយនេះគឺមិនខុសពីអ្វីដែលយើងធ្វើទំនាក់ទំនងទៅលើគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក«។ នេះគឺជាការបញ្ជាក់បន្ថែមពីសម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា៖ «ហើយថ្ងៃនេះ គឺជាសក្ខីភាពមួយ នៅក្នុងការបន្តពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា-ចិន ដើម្បីផលប្រយោជន៍រួម របស់ប្រជាជនយើង ហើយជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម រវាងនៅក្នុងប្រទេសកម្ពុជា និងការជួយឧត្ថម្ភគាំទ្រ របស់ចិន នៅតែបន្តដើម្បីជាអត្ថប្រយោជន៍ជួយប្រជាពលរដ្ឋយើង និងជម្រុញសេដ្ឋកិច្ចប្រជាពលរដ្ឋយើង ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនេះគឺខ្ញុំសូមបញ្ជាក់»។
តួរយ៉ាងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ដែលមានតម្លៃ១៣៣លានដុល្លារ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវសមិទ្ធផល ដែលអ្នកកំពង់ចាម-ត្បូងឃ្មុំ បានឃើញនិងបានប្រើប្រាស់ និងទទួលបានផលប្រយោជន៍ជាក់ស្ដែង។
សូមជម្រាបថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែបន្តឈានឆ្ពោះទៅមុខ ស្របតាមឆ្នាំ២០២៥នេះ គឺជាខួបទី៦៧ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជាឆ្នាំ «ទេសចរណ៍កម្ពុជា-ចិន»ផងដែរ។ ជាមួយគ្នានេះដែរ លោក ស៊ី ជីងភីង ប្រធានាធិបតីនៃប្រទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់១៨ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រនៃកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី ស៊ី ជីងភីង នឹងចូលគាល់ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ បន្ថែមពីនេះ លោកនឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏សំខាន់នេះ នឹងមានឯកសារជាច្រើន ដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា៕