(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំក្រុងពាលី បួងសួងសុំសេចក្តីសុខ ទស្សនា របាំត្រុដិសូត្រមន្តនិងរាប់បាតប្រគេនព្រះសង្ឃចំនួន ៥៤អង្គ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំង៧ សណ្តានផងនិងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តបាត់ដំបង។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងភរិយា, លោក សុខ លូ អភិបាលខេត្ត និងភរិយា ព្រមទាំងមានការអញ្ជើញចូលរួមថ្នាក់អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានា មន្រ្តីរាជការជុំវិញខេត្ត និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះសាលាខេត្តទាំងអស់ចូលរួមផងដែរ។
រដ្ឋបាលខេត្តបាត់ដំបង តែងតែបានរៀបចំពិធីនេះឡើងជារៀងរាល់ឆ្នាំតាមប្រពៃណីសាសនាដោយមានការបួងសួង ព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំលើករាសី សុំសិរីសួស្តីជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តទាំងអស់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
លោក សុខ លូ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅលើលោកនេះ និងទេវតាឆ្នាំថ្មីដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យសិរីមង្គលបវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់បានទទួលនូវសុខភាពល្អ សេចក្ដីសុខចម្រើន ជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។
ពិធីសាសនានេះ ជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូលផងដែរ៕