(កំពត)៖ លោក ឡាច សោភិន ប្រធានសហគមន៍អេកូទេសចរណ៍ ទំនប់ម្លេច ស្រុកជុំគិរី ខេត្តកំពត បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្តល់នូវភាពសប្បាយរីករាយដល់ពលរដ្ឋក្នុងតំបន់ និងទេសចរ ក៏ដូចជាផ្សព្វផ្សាយតំបន់ទេសចរណ៍ម្លេច និងទំនៀមទម្លាប់ប្រពៃណីចូលឆ្នាំផងនោះ សហគមន៍នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី «រាំវង់ទំនប់ម្លេច» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ រៀបចំប្រព្រឹត្តធ្វើឡើង នៅទីតាំងទំនប់ម៉្លេច ស្ថិតក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
លោក ឡាច សោភិន តំណាងប្រជាពលរដ្ឋ និងជាប្រធានសហគមន៍ខាងលើ បានបញ្ជាក់ថា បន្ទាប់ពីបានរៀបចំបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិរយៈពេល៨ឆ្នាំមកនេះ ទំនប់ម្លេច បានពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងសម្បូរបែប ហើយកំពុងទទួលបានការគាំទ្រ និងមកលេងកម្សាន្តពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
លោកខបានបន្តថា ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហការរវាងអាជ្ញាធរ មន្ត្រីសង្ឃ វត្តអារាម អាជីវករ និងប្រជាពលរដ្ឋ ដោយមានការឧបត្ថម្ភគាំទ្រ ពី «ឌឺ មរកត រីសតម្លេច» ដែលជាកន្លែងផ្តល់សេវាស្នាក់នៅ អាហារដ្ឋាន និងលំហែកម្សាន្ត មានខ្ចុះ និងស្ពានឫស្សីវែងរាប់រយម៉ែត្រ ដែលនឹងចាប់ផ្តើមបើកដំណើរការសាកល្បង ក្នុងថ្ងៃចូលឆ្នាំផងដែរនោះ សហគមន៍ នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានឈ្មោះថា «រាំវង់ទំនប់ម្លេច»។
ទទ្ទឹមគ្នានោះដែរ លោកប្រធានសហគមន៍ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង អាជ្ញាធរខេត្ត ពិសេសលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត កំពត ដែលលោកតែងតែជំរុញលើកទឹកចិត្ត និងជួយគាំទ្រ ដល់ប្រតិបត្តិករទេសចរណ៍ ឱ្យមានលទ្ធភាពអាចអភិវឌ្ឍន៍កន្លែងរបស់ខ្លួនមកដល់សព្វថ្ងៃ។
ប្រធានសហគមន៍ រំពឹងថា ការបង្កើតព្រឹត្តិការណ៍នេះនឹងជួយជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យបានមកទស្សនា និងស្វែងយល់ពីសកម្មភាពប្រពៃណី ដ៏ល្អផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ហើយសហគមន៍ នឹងបន្តរៀបចំសង្ក្រាន្តជារៀងរាល់ឆ្នាំ ឲ្យបានកាន់តែធំ និងសប្បាយរីករាយថែមទៀត។
ប្រធានសហគមន៍ បានបន្តថា សហគមន៍អេកូទេសចរណ៍ «ទំនប់ម្លេច» ស្រុកជុំគិរី ខេត្តកំពត ដែលជាតំបន់ដ៏ស្រស់ត្រកាលមួយ ក្នុងខេត្តកំពត កំពុងបោះជំហានថ្មីមួយឆ្ពោះទៅរកការអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាគោលដៅអេកូទេសចរណ៍ឈានមុខគេនៅក្នុងខេត្ត។ ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហការដ៏រឹងមាំ រវាងអាជ្ញាធរ មន្ត្រីសង្ឃ វត្តអារាម អាជីវកម្មក្នុងស្រុក និងប្រជាពលរដ្ឋ សហគមន៍នឹងរៀបចំជាលើកដំបូងនូវព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏ពិសេសមួយ ដែលមានឈ្មោះថា «រាំវង់ទំនប់ម្លេច»។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅក្បែរមាត់បឹងដ៏ស្រស់ស្អាត ដែលហ៊ុំព័ទ្ធដោយភ្នំធម្មជាតិស្រស់បៃតង។ សហគមន៍ អេកូទេសចរណ៍ «ទំនប់ម្លេច» សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ឱ្យចូលរួមសប្បាយរីករាយក្នុងបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដ៏ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម។ កម្មវិធី «រាំវង់ទំនប់ម្លេច» នឹងផ្តោតសំខាន់ទៅលើការបង្ហាញនូវល្បែងប្រជាប្រិយខ្មែរ រាំវង់ រាំក្បាច់ សារ៉ាវាន់ជាដើម និងរបាំប្រពៃណីដ៏រស់រវើក ចាប់ពីម៉ោង ១រសៀល ដល់ ៨យប់ ជារៀងរាល់ថ្ងៃក្នុងរយៈពេលបីថ្ងៃនៃព្រឹត្តិការណ៍។
សហគមន៍ជឿជាក់យ៉ាងមុតមាំថា ការបង្កើតព្រឹត្តិការណ៍នេះនឹងជួយជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យបានមកទស្សនា និងស្វែងយល់ពីសកម្មភាពប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។សហគមន៍ អេកូទេសចរណ៍ ម្លេច មានក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការចាប់ផ្តើមព្រឹត្តិការណ៍នេះក្នុងទ្រង់ទ្រាយតូចជាមុន ហើយនឹងបន្តពង្រីកទំហំ និងភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំចាប់ពីឆ្នាំនេះតទៅ។
ព្រឹត្តិការណ៍ពិសេសនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគមន៍ក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍ និងបង្ហាញពីវប្បធម៌ដ៏រុងរឿងរបស់ខ្មែរទៅកាន់ពិភពលោក។
សូមកុំខកខានឱកាសដ៏ល្អនេះ! អញ្ជើញមកចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ «រាំវង់ទំនប់ម្លេច» នៅស្រុកជុំគិរី ខេត្តកំពត ដែលមានចម្ងាយត្រឹមតែ ១០០គីឡូម៉ែត្រ ពីររាជធានីភ្នុំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ៕