(សៀមរាប)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងលោក គួច វេងស្រ៊ុន រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្ដ្រី អញ្ជើញជាសហអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅសាប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ, បញ្ជាការដ្ឋានអង្គរក្ស, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាព CMAC, រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តពាក់ព័ន្ធ, អាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងបណ្ដាអង្គភាព ស្ថាប័នពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានឯកភាពទាំងស្រុងចំពោះផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដែលបានរៀបចំ និងធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំនេះ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យគ្រប់កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពថ្វាយជូនអង្គព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដោយសហការគ្នាឲ្យបានល្អ និងទទួលខុសត្រូវខ្ពស់គ្រប់បណ្តាបញ្ជាការតាមតំបន់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យកម្លាំងទាំងអស់បង្កើនការសម្រួលចរាចរណ៍ ដែលអាចមានការកកស្ទះផងដែរ៕