(កំពង់ចាម)៖ លោក លូ ឈូឆាង ប្រធានក្រុមហ៊ុនអង្គរប្លាយវូដ នៅល្ងាចថ្ងៃទី១២ ខែមេសាឆ្នាំ ២០២៥ បានរៀបចំកម្មវិធីបង្កលក្ខណៈសប្បាយៗ ដល់កម្មករ កម្មការិនី និងផ្ដល់រង្វាន់ជាច្រើនថែមទៀតផង ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីអបអរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ។
លោក សាន់ សុខហៀង តំណាងក្រុមហ៊ុនអង្គរប្លាយវ៉ូដ បានមានប្រសាសន៍ឲ្យដឹងថា រោងចក្រអង្គរប្លាយវ៉ូដ បានបង្កើតឡើងជាង ២០ ឆ្នាំហើយ មានផលិតកុងប្លាកកេ (ក្តារបន្ទះ) ធ្យូងអនាម័យ និងលទ្ធផលផ្សេងៗទៀតដូចជាគ្រឿងសង្ហារឹម ដែលបច្ចុប្បន្នមានកម្មករសរុបប្រមាណជាជាង ១,០០០នាក់។
លោក សាន់ សុខហៀង បានបន្តថា ដោយសារប្រទេសមានសុខសន្តិភាព ធ្វើឱ្យក្រុមហ៊ុន មានឱកាសចូលរួមក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គម និងវិស័យបរិស្ថាន ដូចជា ការដាំដើមឈើឡើងវិញ រាប់ម៉ឺនហិកតា និងការផ្ដល់ចំណេះដឹងដល់បុគ្គលិកកម្មករ រហូតដល់បច្ចុប្បន្នក្រុមហ៊ុនមានធនធានមនុស្សជនជាតិខ្មែរ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតកុងប្លាកកេ (ក្តារបន្ទះ) នាំចេញទៅទីផ្សារក្រៅប្រទេសថែមទៀតផង។
លោក សុខហៀង បានបញ្ជាក់ផងដែរថា ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជិតខ្មែរ ឆ្នាំម្សាញ់ នេះ ខាងរោងចក្របានរៀបចំកម្មវិធីជាច្រើន ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបុគ្គលិកកម្មករ ថែមទាំងបានផ្ដល់រង្វាន់ដល់គ្រូបង្រៀនកុមារ ៥នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូ ១គ្រឿង និងមានការចាប់រង្វាន់យកម៉ូតូ ២គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀតផងដែរ ។
ក្នុងនាមតំណាងឲ្យនិយោជិក កម្មករ កម្មការិនីទាំងអស់ នៃក្រុមហ៊ុនអង្គរប្លាយវ៉ូដ លោក សាន់ សុខហៀង បានសំណូមពរឲ្យកម្មករ កម្មការិនីទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព និងខិតខំបំពេញការងារ ចូលរួមការអភិវឌ្ឍន៍ ជាមួយនឹងរោងចក្រ ក៏ដូចជាជាមួយរាជរដ្ឋាភិបាលផងដែរ ។
ទន្ទឹមនឹងនោះ តំណាងកម្មករជាច្រើនរូប បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រធានក្រុមហ៊ុនអង្គរប្លាយវ៉ូដ ដែលកន្លងមកបានយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ផ្ដល់ឱកាសឲ្យកុមារ បានសិក្សារៀនសូត្រ ជាក់ស្ដែងក្នុងពេលនេះ គឺលោកប្រធានក្រុមហ៊ុន បានរៀបចំកម្មវិធីយ៉ាងអធិកអធម្ម និងផ្ដល់រង្វាន់ជាច្រើនដល់កម្មករ កម្មការិនី និងកុមារតូចៗផងដែរ៕