(តាកែវ)៖ «តាកែវសង្រ្កាន្ដឆ្នាំ២០២៥» ដែលរដ្ឋបាលខេត្តតាកែវ រៀបចំនៅទីតាំងសួនច្បារមាត់បឹងតាកែវ គិតរហូតមកដល់រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្រេចបានលទ្ធផលស្ទើរតែ១០០ភាគរយហើយ។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការ និងក្រុមការងាររៀបចំសង្រ្កាន្ដតាកែវ ឆ្នាំ២០២៥ នៅរសៀលថ្ងៃ សៅរ៍នេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងចូលរួមរៀបចំកិច្ចការនេះ បានយ៉ាងល្អប្រសើរ ដើម្បីធ្វើយ៉ាងណាបង្កការសប្បាយរីកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកចូលរួមលេងកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំខាងមុខ។
លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា តាកែវសង្ក្រាន្ត ឆ្នាំ២០២៥នេះ ពិតជាពិសេស និងមានភាពទាក់ទាញដោយក្នុងនោះបានរៀបចំតំបន់ត្រជាក់ចិត្ត មានការដាក់នៅរថយន្តបាញ់ទឹកស្អាតជាច្រើនគ្រឿង និងម៉ាស៊ីនបាញ់ពពុះសាប៊ូ រួមនិងពាងទឹក ដែលមានដាក់ទឹកកជាច្រើនទៀត និងមានការប្រគំតន្រ្តី ខ្ខោនយីកេ និងល្បែងប្រជាប្រីយ។
ជាពិសេសទៅទៀតនោះមានការ Free Wifi ជូនប្រជាពលរដ្ឋថែមទៀតផង ដូច្នេះសូមប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងយុវជន យុវនារី ដែលចូលចិត្តលេងទឹកសូមអញ្ជើញមកចូលរួមលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត ដែលរដ្ឋបាលខេត្ត បានរៀបចំយ៉ាងពិសេសពុំធ្លាប់មានពីមុនមក ហើយនៅពេលរាត្រី មានទាំងការប្រគំតន្ត្រី ជូនទស្សនា និងរាំលេងកម្សាន្តទៀតផង។
សូមជម្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ខាងមុខនេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំព្រឹត្តិការណ៍តាកែវសង្ក្រាន្ត នៅបរិវេណសួនច្បារមាត់បឹងតាកែវ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានព្រឹត្តការណ៍សប្បាយ ប្លែកៗជាច្រើន៕