(រតនគិរី)៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥មេះ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ផ្តល់ជូនកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៦២៣ ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រី ស ស៊ីណា ជូនចំពោះនាយនគរបាល និងពលនគរបាល ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ ដើម្បីការពារទឹកដីឲ្យបានគង់វង្ស។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងការកោតសរសើរចំពោះនាយនគរបាល និងពលនគរបាល នៃកងវរសេនាតូចការពារព្រំដែនលេខ៦២៣ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចមិនថាថ្ងៃ ឬយប់ទេដើម្បីបម្រើប្រទេសជាតិ។
នៅល្ងាចថ្ងៃដដែល លោកឧត្តមសេនីយ៍ស្នងការ និងមន្ត្រីនគរបាលក្រោមឱវាទ បានចូលរួមទទួលទានអាហារសាមគ្គីជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៦២៣ ប្រកបដោយបរិយាកាសសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីផងដែរ៕