(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងពិនិត្យគោលដៅ និងដាក់វិធានការជាក់ស្ដែងដើម្បីធានានូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព​ទាំងស្រុងថ្វាយព្រះមហាក្សត្រ ជូនសម្ដេច ឥស្សរជនជាន់ខ្ពស់ជាតិ-អន្ដរជាតិ ភ្ញៀវកិត្តិយស ក្នុងឱកាសប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

ការចុះពិនិត្យគោលដៅ និងដាក់វិធានការជាក់ស្ដែងដើម្បីធានានូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព​ ដោយអនុវត្តតាមអនុសាសន៍ និងបទបញ្ជាណែនាំក្នុងកិច្ចប្រជុំពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យគ្រប់កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពថ្វាយជូនអង្គព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដោយសហការគ្នាឲ្យបានល្អ និងទទួលខុសត្រូវខ្ពស់គ្រប់បណ្តាបញ្ជាការតាមតំបន់៕