(ភ្នំពេញ)៖ នាយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ និងលោកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ អមដំណើរដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី បានអញ្ជើញកម្សាន្ដ ទស្សនាស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារ និងទស្សនាសិល្បៈនានា នៅផ្លូវថ្មេីរជេីង (Walk Street) ភ្នំពេញ។
សប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំរបាំប្រជាប្រិយ៍នៅផ្លូវថ្មីរជើង (Walk Street) មាត់ទន្លេភ្នំពេញ (៥ថ្ងៃ) ដោយក្នុងនោះ មុនចូលឆ្នាំ២ថ្ងៃ នៅថ្ងៃសៅរ៍ទី១២ និងថ្ងៃអាទិត្យ ទី១៣ មេសា ហើយក្នុងឱកាសចូលឆ្នាំបន្ថែម ៣ថ្ងៃទៀត ១៤ ដល់១៦ មេសា សរុប៥ថ្ងៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ គ.ស ២០២៥។
ផ្អែកតាមការជូនព័ត៌មានពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានឲ្យដឹងថា មន្ទីរវប្បធម៍ និងវិចិត្រសិល្បៈ នឹងរៀបចំឲ្យមានទម្រង់សិល្បៈផ្សេងៗគ្នា រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មី ទាំងនៅសង្ក្រាន្ដវត្តភ្នំ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ដែលរៀបចំឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ។
ដោយឡែកនៅតាមបណ្តោយផ្លូវថ្មើរជើង នាមាត់ទន្លេ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ក្នុងនោះថ្ងៃសៅរ៍ ទី១២ មានរបាំបួងសួង, ថ្ងៃអាទិត្យ ទី១៣ មានល្ខោនខោល របាំកន្តែរ៉ែ, ថ្ងៃទី១៤ មានល្ខោនបាសាក់ យក្ខីនី, ថ្ងៃទី១៥ ល្ខោនបាសាក់ និងថ្ងៃទី១៦ ការសម្តែងក្បាច់គុណល្បុកតោ។
លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើរជើងជាតំបន់ស្ងួត ហាមមិនឧ្យមានការលេងបាញ់ទឹក, ប៉ាតម្សៅជាដើម តែអាចទៅលេងនៅសង្គ្រាន្តវត្តភ្នំបាន។ ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យ ក៏បានអំពាវនាវដល់អាជីវករលក់ដូរ នៅផ្លូវថ្មើរជើង មិនត្រូវក្រាលកន្ទេលលក់លើស្មៅ លើសួន រួមទាំងអ្នកមកដើរ លេងកំសាន្ត ក៏មិនត្រូវទិញអាហារ មកអង្គុយញាំលើសួនច្បារនោះឡើយ។
ក្នុងនាមអាជ្ញាធរដែនដី លោកស្រី ដោ សម្ភស្ស បានអំពាវនាវដល់បងប្អូនអាជីវករ លក់ដូរ ក៏ដូចអ្នកធ្វើដំណើរទៅលេងកម្សាន្ដ នៅផ្លូវថ្មើរជើង សូមចូលរួមសម្អាត អនាម័យ បរិស្ថាន ដោយរក្សាបានភាពស្អាតសក្ត័សមជាកន្លែងដើរលេងកម្សាន្ដ និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ។ ពេលនេះផ្លូវថ្មើរជើង ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឲ្យមានផ្លូវថ្មើរជើង តភ្ជាប់ពីសង្ក្រាន្ដវត្តភ្នំដែលជាការពង្រីកកន្លែងកម្សាន្ដសប្បាយកាន់តែច្រើន ក្នុងរាជធានីភ្នំពេញ៕