(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីក្រុងពាលីសូត្រមន្ត នៅបរិវេណវត្តនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដើម្បីបួងសួងសូមសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់សប្តស័ក ព.ស ២៥៦៩ ។

បើតាមលោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងសោភ័ណ្ឌភាព «សង្ក្រាន្តកំពង់ចាម» បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត សម្រាប់ឆ្នាំនេះ ខេត្តកំពង់ចាម មានរៀបចំកម្មវិធី សង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ មានលក្ខណៈប្លែកៗ ហើយច្រើនជាងពីឆ្នាំមុនៗ។

លោក ហាន កុសល បានឲ្យដឹងទៀតថា ការរៀបចំប្លែក និងគួរឱ្យកត់សម្គាល់ជាងឆ្នាំមុនៗសម្រាប់ «សង្ក្រាន្តកំពង់ចាម» មាន ការៀបចំសោភ័ណ្ឌភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នា តាមដងផ្លូវក្នុងក្រុងកំពង់ចាម។

ដោយឡែកចំពោះពាងទឹកគឺមានរៀបចំរហូតចំនួន២៤១ពាង ច្រើនជាងឆ្នាំមុនដែលរៀបចំតែ២០ពាង ពោលឆ្នាំនេះគឺរៀបចំពេញក្រុងកំពង់ចាមតែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋ អាចយកទឹកស្រាចដាក់គ្នាយ៉ាងសប្បាយរីករាយ និងមានភាពងាយស្រួល ព្រមទាំងមានកម្មវិធីបើកសង្ក្រានឆ្នាំថ្មី មានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដោយធ្វើការដង្ហែសត្វពស់ចំនួន៣ អមដោយការរាំបទភ្លេងប្រពៃណីខ្មែរ ក្នុងគោលបំណងដើម្បីឱ្យក្បួនដង្ហែមានភាពអស្ចារ្យ ធ្វើនៅរសៀលថ្ងៃទី១៣ ខែមេសា នេះ ។

លោក ហាន កុសល បានបញ្ជាក់ថា អ្វីដែលប្លែកជាងនេះទៀតនោះ គឺលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីហូបលៀសហាល តាមការគ្រោងទុកមានចំនួន៣តោន ដែលបានរៀបមានប្រវែង ១គីឡូម៉ែត្រ ដោយប្រជាពលរដ្ឋទាំងអស់ អាចចូលរួមហូបលៀសហាលជាមួយគ្នា ដោយក្តីសប្បាយរីករាយ និងសេចក្តីថ្លៃថ្នូរជាមួយនឹងការចូលរួមថែរក្សាអនាម័យទាំងអស់គ្នាផងដែរ ។