(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធស្តីពីការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅមណីយដ្ឋានវត្ដភ្នំ ដែលជាកន្លែងរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តវត្ដភ្នំ» ដែលមានប្រជាពលរដ្ឋជាច្រើនកុះករចូលរួមលេងកម្សាន្ត។
ជាមួយគ្នានេះដែរ ក្រុមការងារជំនាញបច្ចេកទស IED និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានធ្វើការត្រួតពិនិត្យឆែកឆេរជាតិផ្ទុះកែច្នៃ ទីតាំងសង្រ្កាន្តវត្ដភ្នំ នៅរមណីយដ្ឋានវត្ដភ្នំ និងទីតាំងផ្លូវថ្មើរជើង (Walk Street) លើផ្លូវព្រះសុីសុវត្ថិ ចាប់ពីរមណីយដ្ឋានវត្ដភ្នំ រហូតដល់មុខព្រះបរមរាជវាំង រួមទាំងក្នុង និងក្រៅជុំវិញបរិវេណ ដោយមានការចូលរួមពីមន្ត្រីស៉ីម៉ាក់ ជាលទ្ធផលពុំមានអ្វី គួរឱ្យកត់សម្គាល់ឡើយ។
ដោយឡែកចំពោះសភាពការណ៍ទូទៅ គឺឃើញមានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដយ៉ាងច្រើនកុះករ គិតមកត្រឹមម៉ោង ១៤:៣០នាទីនេះ ហើយក៏មិនមានអ្វី គួរឱ្យកត់សម្គាល់ផងដែរ៕