(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ព្រឹត្តិការណ៍នេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្មគ្រចិត្ត អ្នកស្រឡាញ់បរិស្ថាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋស្រុកអូររាំងឪយ៉ាងច្រើនកុះករ។

លោកបណ្ឌិតរដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមកម្មវិធីសង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាវប្បធម៌ប្រពៃណីដ៏ផូរផង់ របស់ប្រជាជនខ្មែរយើង និងបានថ្លែងអំណរគុណដល់អាជ្ញាធរនិងប្រជាពលរដ្ឋ ជាពិសេសយុវជន ស.ស.យ.ក រដ្ឋបាលស្រុកអូររាំងឪ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកម្មវិធីនេះ ឡើងបានយ៉ាងល្អ បង្កឱកាសជួបជុំប្រកបដោយ ភាពសប្បាយរីករាយដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ដែលនេះសបញ្ជាក់ អំពីការលើកកម្ពស់វប្បធម៌ និងប្រពៃណីជាតិ ការបង្ហាញពីសមិទ្ធផល កើតចេញពីការអភិវឌ្ឍ របស់រាជរដ្ឋាភីបាលកម្ពុជានៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងប្រទេសដែលកំពុងមានសុខសន្តិភាពពេញលេញ។

នៅក្នុងឱកាសអបអរសាទរ ពិធីសង្ក្រាន្តអូររាំងឪឆ្នាំនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីគម្រោងអភិវឌ្ឍមូលដ្ឋានមួយចំនួនទៀត ដូចជាការរៀបចំឱ្យឧទ្យានទន្លេស្ងួតមានភាពស្រស់ស្អាត និងការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ពីមូលដ្ឋនទៅទីប្រជុំជន និងទៅដល់ស្រុកផ្សេងៗ ដែលបង្កលកខណៈឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងផ្លូវសម្រាប់គោលដៅលំហែបៃតងនៅក្នុងភូមិសាស្រ្តខេត្បូងឃ្មុំ ផ្តល់ប្រយោជន៍សេដ្ឋកិច្ចកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ និងប្រជាពលរដ្ឋ បានរៀបចំសង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៥ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ខាងមុខនេះ ដែលកម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ - ១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានការលេងល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៍ស្តង់សមិទ្ធផលរបស់រដ្ឋបាលស្រុក គ្រប់ឃុំ និងសាលារៀន កន្លែងកម្សាន្ត កន្លែងវប្បធម៌ ការរាំលេងកម្សាន្ត លេងល្បែង និងរបាំប្រជាប្រិយខ្មែរ ការប្រកួតកីឡា ស្តង់ពិព័រណ៍ចំណីអាហារ និងការប្រគំតន្ត្រីរយៈពេល៤ថ្ងៃ ជាប់ៗគ្នា៕