(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋ និងយុវជនចូលរួមរក្សានូវវប្បធម៌ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស ក្នុងពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី របស់រដ្ឋបាលស្រុកកំពង់ស្វាយ នៅវត្តក្តីចារុ៍ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់។ ព្រមទាំងបានគូសបញ្ជាក់ថាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះ ត្រូវបានរៀបចំឡើងនៅនៅពេលនេះ ដើម្បីបង្ហាញអំពីកេរ្តិ៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង ដែលជាមោទនៈភាពជាតិ។

បន្ថែមពីនេះលោកស្រី បានសំណូមពរដល់ប្រជាពលរដ្ឋ និងយុវជនចូលរួមរក្សានូវវប្បធម៌ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស ជាពិសេសការលេងល្បែងប្រជាប្រិយខ្មែរ ដែលយុវជន យុវនារី រួមនឹងប្រជាពលរដ្ឋ គួរលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះមានដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្ត វាយក្អម និងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។ ល្បែងប្រជាប្រិយខ្មែរទាំងអស់នេះ វាជាអត្តសញ្ញាណ ជាមរតកវប្បធម៌ ទំនៀមទំលាប់របស់ជាតិខ្មែរ ដែលមានតាំងសម័យបុរាណកាលមកម្លេះ។ ដើម្បីចូលរួមអភិរក្ស និងថែរក្សាវាកុំអោយបាត់បង់ សូមប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជន បន្តលេងល្បែងប្រជាប្រិយខ្មែរទាំងអស់គ្នា។

ជាចុងក្រោយលោកស្រី បានកោតសសើរខ្ពស់ចំពោះការរៀបចំសង្ក្រាន អបអរឆ្នាំថ្មីរបស់រដ្ឋបាលស្រុកំពង់ស្វាយ ក្នុងឆ្នាំនេះ មានការរៀបចំបានល្អ ទាំងបរិស្ថានអនាម័យ និងសុខសណ្ដាប់ធ្នាប់ ស្របតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ពិសេសមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងការរាំចង្វាក់ខ្មែរ ដែលផ្ដល់ឱកាសដល់យុវជន និងប្រជាពលរដ្ឋទូទៅបានលេងកំសាន្តដោយក្ដីសប្បាយរីករាយ និងចូលរួមផ្សព្វផ្សាយដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិបានដឹង និងបានស្គាល់ពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងផងដែរ៕