(កំពង់ធំ)៖ លោក ឃឹង នុភាព សមាជិករដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោល ប្រាសាទសំបូរ ខេត្តកំពង់ធំ អញ្ជើញសម្ពោធកុដិថ្មីក្នុងវត្តទួលពង្រ ស្ថិតនៅភូមិទួលពង្រ ឃុំគោលស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។
ថ្លែងនាឱកាសនោះ លោក ឃឹង នុភាព បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងបានថ្លែងថា សមិទ្ធផលទាំងអស់នេះកើតចេញពីគំនិតផ្ដួចផ្ដើមរបស់ព្រះតេជគណចៅអធិការវត្ត លោកតាអាចារ្យគណៈកម្មាវត្ត ពុទ្ធបរិស័ទជាច្រើននាក់ទៀតដែលបានកៀរគរសប្បុរសជនជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសដើម្បីជួយកសាងឱ្យលេចចេញជាផ្លែផ្កានៅសមិទ្ធផលផ្សេងៗជាច្រើនសម្រាប់តម្កល់ទុកនៅទីវត្តអារាមដើម្បីឱ្យពុទ្ធបរិស័ទបានធ្វើបុណ្យទាន និងរក្សាសីលតាមប្រពៃណីព្រះពុទ្ធសាសនាទុកជាគុណប្រយោជន៍ដល់ពុទ្ធបរិស័ទទាំងអស់គ្នាទៅថ្ងៃក្រោយ។
លោកបានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់ដោយសារកត្តាសុខសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ កត្តាសុខសន្តិភាពនេះ បានធ្វើឱ្យប្រជាពុទ្ធបរិស័ទ មានឱកាសជួបជុំធ្វើបុណ្យទានជួបជុំគ្នាសប្បាយរីករាយ ដោយសារប្រទេសគ្មានសង្រ្គាមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើនជីវភាព គ្រួសារតាមមុខរប រៀងៗខ្លួនឱ្យកាន់តែប្រសើរឡើងផងដែរ។
លោក ឃឹង នុភាព បានបន្ថែមថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុវត្តនូវនយោបាយឈ្នះឈ្នះ។ សម្តេចបានបន្តថា ប្រសិនបើគ្មានការឯកភាពជាតិគ្មានសុខសន្តិភាពទេនោះការអភិវឌ្ឍផ្សេងៗក៏មិនអាចរុញទៅមុខបានដែរទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្កបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផលដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះឱ្យបាននៅគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែកក្នុងការការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
ជាមួយគ្នានេះលោក និងក្រុមការងារបានចូលរួមបច្ច័យសម្រាប់កសាងចំនួន៨លានរៀលនិងផ្តល់ជូនសម្រាប់ប្រជាពលរដ្ឋនូវថវិកាមួយចំនួន។ គួបញ្ជាក់ថា កុដិថ្មី មានទំហំ ១៦ ម៉ែត្រ គុណ៦ម៉ែត្រ មាន៥បន្ទប់ ធ្វើពីថ្ម ប្រក់ក្បឿង ក្រាលការ៉ូ៕