(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាននៃយោធភូមិភាគទី៤ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។
ជំនួបនេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ លោកអភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អគ្គនាយកគ្រឹះស្ថានអង្គរ និងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត និងតំណាងអាជ្ញាធរជាតិអប្សរា នាយសេនាធិការរង, នាយការិយាល័យ បណ្តាស្ថាប័ន អង្គភាព ចំណុះយោធភូមិភាគ, នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ សរុបចំនួន ៥៧៩នាក់។
ថ្លែងក្នុងពិធីដ៏មានអត្ថន័យ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអតីតមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវបណ្ឌិត ជូនចំពោះ លោកឧត្ដមសេនីយ៍ឯក មេបញ្ជាការ, មេបញ្ជាការរង, នាយសេនាធិការរង, នាយការិយាល័យ បណ្តាស្ថាប័ន អង្គភាពចំណុះ យោធភូមិភាគ, នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤។
ជាពិសេស រដ្ឋមន្ត្រី ហួត ហាក់ បានយកឱកាសនេះគូសរំលេចអំពី គុណបំណាច់ និងគម្រូវីរភាពរបស់ សម្តេចតេជោ គឺការយកជីវិតធ្វើជាដើមទុន ប្ដូរយក សុខសន្តិភាពជូនប្រទេសនិងប្រជាជន សម្តេចតេជោ ជា បិតាសន្តិភាព ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ នាំឲ្យមានការបង្រួបបង្រួមជាតិ ការឯកភាពទឹកដីពេញផ្ទៃប្រទេស និងសន្តិភាពេញលេញ។
តំណាងឲ្យគណៈប្រតិភូទាំងអស់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន ទាំងអស់ ចំពោះវីរភាព ទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន បានខិតខំប្ដូរផ្ដាច់លះបង់សាច់ស្រស់ ឈាមស្រស់ តស៊ូ ក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ តែងតែនៅជាប់ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះគឺគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចកាត់ផ្ដាច់បាន ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច។
ជាមួយនឹងការសាកសួរសុខទុក្ខ ក្នុងស្មារតីនៃមហាគ្រួសារវិស័យទេសចរណ៍ទាំងអស់ លោក ហួត ហាក់ ជាថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍, មន្ទីរទេសចរណ៍រាជធានី ខេត្ត, រួមជាមួយអង្គភាពពាក់ព័ន្ធ និងសប្បុរសជនក្នុងវិស័យឯកជន ក៏បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគសរុបចំនួន ៥៧,៩០០,០០០ រៀល សម្រាប់ផ្ដល់ជូន នាយទាហាន ពលទាហាន សរុប ៥៧៩ នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល, ស្រាបៀរ Cambodia ចំនួន ២៥០កេស, ស្រាបៀរ Angkor ចំនួន ១២កេស, ភេសជ្ជៈ IZE (អាយ) ចំនួន ២៥០កេស, ទឹកបរិសុទ្ធកម្ពុជា ចំនួន ២៥០កេស, ទឹកបរិសុទ្ធ SUN WAY ចំនួន ១០០កេស, ទឹកក្រូច ចំនួន ១៦កេស, ទឹកផ្លៃឈើ ចំនួន ៣កេស, មីជាតិ ចំនួន ១៥០កេស, ទឹកត្រី ចំនួន ១៥០យួរ, ទឹកស៊ីអ៊ីវ ចំនួន ១៦០យួរ, ត្រីខរូបស្រី ៣នាក់ ចំនួន ៥ កេសធំ និង ១២យួរ, អង្ករចំនួន ១០០ គីឡូ និងកាហ្វេកញ្ចប់ Gold Roast ចំនួន ៤ថង់ ស្មើនឹង ២០០កញ្ចប់។
នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ខាងមុខនេះ លោករដ្ឋមន្ត្រី បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី សូមប្រសិទ្ធពរជ័យ សិរិសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះ លោក លោកស្រី លោកឧត្ដមសេនីយ៍ឯក មេបញ្ជាការ, មេបញ្ជាការរង, នាយសេនាធិការរង, នាយការិយាល័យ, នាយទាហាន, នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ សមប្រកបដោយពុទ្ធពរ ៥ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕