(ព្រៃវែង)៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ «សង្ក្រាន្តព្រៃវែង» បានចាប់ផ្តើមធ្វើដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។
ជាមួយគ្នានេះកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង បានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
សូមបញ្ជាក់ថា សង្រ្កាន្តព្រៃវែងនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងមានកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុកការលេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត នៅសួនច្បារសម្តេច ជា ស៊ីម។
ក្រៅពីនេះក៏មានព្រឹត្តិការណ៍កម្សាន្តផ្សេងទៀត ដូចជា ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ។ល៕